ប្រមុខការទូតកម្ពុជា ដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសថៃ រយៈពេល២ថ្ងៃ


(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូកម្ពុជា​ អញ្ជើញទៅចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ រយៈពេល២ថ្ងៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោក ដូន ប្រាំម៉ូដវិណៃ រដ្ឋមន្ត្រីការបរទេស​នៃព្រះរាជាណាចក្រថៃ ឯកឧត្តម ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូ អញ្ជើញទៅចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងឈៀងម៉ៃ ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។

នៅក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងពិភាក្សាពីវិស័យ អាទិភាពជាច្រើន ដែលមានចំណាប់អារម្មណ៍រួម ដែលអាស៊ានត្រូវអនុវត្តន៍នៅក្នុងឆ្នាំ២០១៩ នៅក្នុងដំណើរការកសាងសហគមន៍អាស៊ាន និងធ្វើការឆ្ពោះទៅកាន់សហគមន៍អាស៊ានមួយ ដែលផ្តោតការយកចិត្តទុកដាក់លើប្រជាជន និងឲ្យមានភាពរឹងមាំថែមទៀត ក៏ដូចជាពង្រឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅដើម្បីផលប្រយោជន៍ទៅវិញទៅមក។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល ក្នុងឋានៈជាប្រធានប្តូរវេនរបស់អាស៊ាន នៅក្នុងឆ្នាំ២០១៩ ប្រទេសថៃ បានជ្រើសយកមូលបទ «ជម្រុញភាពជាដៃគូសម្រាប់ចីរភាព» ដែលស្របតាមវត្ថុបំណងរួមរបស់អាស៊ាន ក្នុងគោលដៅលើកកម្ពស់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព៕