លោកកែវ ពៅ បានជម្រុញអោយមន្រ្តីជំនាញបង្កើនប្រសិទ្ធភាពផ្តល់សេវាសាធារណៈជូនពលរដ្ឋអោយមានតម្លាភាពនិងទាន់ពេលវេលា


កំពង់ឆ្នាំងៈ លោក កែវ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានជំរុញ អោយមន្រ្តីជំនាញទាំងអស់ត្រូវបង្កើនប្រសិទ្ធិភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ អោយមានតម្លាភាពនិងទាន់ពេលវេលាលើវិស័យសាធារណៈការនិងដឹកជញ្ជូន ដែលវិស័យមួយនេះកំពុងតែទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋក្នុងពេលដែលមកទទួលសេវាសាធារណៈនៅមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីខេត្តនៅទូទាំងប្រទេស ។

លោកកែវ ពៅ បានជំរុញបែបនេះពេលនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និង ទិសដៅការងារឆ្នាំ២០១៩ របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នាព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរសាធា
រណការខេត្តកំពង់ឆ្នាំង ។

លោកកែវ ពៅ ក៏បានបញ្ជាក់ទៀតថាៈបច្ចប្បន្នមន្ទីរសាធារណការនិងដឹក ជញ្ជូនខេត្តកំពង់ឆ្នាំងគឺបានផ្តល់សេវាប្រកបដោយតម្លាភាព មិនលម្អៀង គ្មានការរើសអើង ចំពោះសេវាសាធារណៈ នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេយានយន្ត ការផ្តល់ស្លាកលេខយានយន្ត ប្រឡងយកប័ណ្ណបើកបរ ការផ្ទេរកម្មសិទ្ធ និង មានវិស័យជាច្រើនទៀត ដែលកំពុងប្រតិបត្តិការនៅក្នុងអង្គភាពរបស់មន្ទីរសាធារណ
ការនិងដឹកជញ្ជូន ។

ពាក់ព័ន្ធ ទៅនឹងហេដ្ឋារចនាសម្ព័ន្ធ ស្ពានផ្លូវថ្នល់វិញនៅក្នុងឆ្នាំ២០១៨ លោក កែវ ពៅ បានគូសបញ្ជាក់ថា កន្លងមកនេះ មន្រ្តីជំនាញនៃមន្ទីរសាធារណការខេត្តបានខិតខំបំពេញបេសកកម្មយ៉ាងយកចិត្តទុកដាក់ ក្នុងការធ្វើអោយប្រសើរឡើងលើវិស័យផ្លូវថ្នល់ ទាំងការជួសជុល កាសាងសង់ ធ្វើយ៉ាងណាពង្រឹងគុណភាពជាចំបងដើម្បីធានអោយ បាននូវការប្រើប្រាស់ធុនមាំ ។ ហើយដើម្បីធានាបាននូវសោភ័ណភាពនៅតាមផ្លូវជាតិ និង ផ្លូវនៅក្នុងក្រុង សម្រាប់ឆ្ពោះទៅកាន់ការរៀបចំបុណ្យទន្លេលើកទី៥នាពេលខាងមុខមន្ទីរបានរៀបចំការ៉ូឡាតាមចិញ្ចើមផ្លូវ នៅក្នុងក្រុងផងដែរ ។

លោកកែវ ពៅ បានផ្តាំផ្ញើដល់មន្រ្តីជំនាញត្រូវចុះធ្វើការផ្សព្វផ្សាយតាមគ្រប់រូបភាពស្តីពីច្បាប់ចរាចរណ៍ដល់មូលដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំងអោយប្រជាពលរដ្ឋបានយល់និងចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍អោយនៅកម្រិតទាបបំផុតក្នុងឆ្នាំ២០១៩នេះ។