អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីរាជការជុំវិញខេត្ត ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកផ្ទាំងសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់កោះដាច់ស្រយោលតាមដងទន្លេមេគង្គ ចំនួន៣៨០គ្រួសារ


ព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីរាជការជុំវិញខេត្ត ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកផ្ទាំងសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់កោះដាច់ស្រយោលតាមដងទន្លេមេគង្គ ចំនួន៣៨០គ្រួសារ ស្ថិតនៅភូមិកោះឈើទាលធំ ភូមិកោះឈើទាលតូច និងភូមិកោះល្ង នៃឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ក្នុងឱកាសចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកផ្ទាំងសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យ នាថ្ងៃនេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា ជូនបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមទាំងអស់នាឱកាសនោះ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ស្របតាមការវិវត្តន៍រីកចំរើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានគិតគូរយកចិត្តទុកដាក់លើគ្រប់វិស័យ ជាក់ស្តែងព្រឹកនេះ បងប្អូនប្រជាពលរដ្ឋយើងបានទទួលផ្ទាំងសូឡាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនៅគ្រប់លំនៅដ្ឋានទាំងអស់ ហើយនៅពេលខាងមុខនេះ ក្រុមការងារអគ្គីសនីសាខាខេត្តស្ទឹងត្រែង និងចុះសិក្សា ដាំបង្គោលឆ្លងទន្លេ ដើម្បីតបណ្តាញអគ្គិសនីជូនបងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់ឲ្យបានគ្រប់ៗគ្នា។

បងប្អូនប្រជាពលរដ្ឋ មានការសប្បាយចិត្តជាខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរពីទុក្ខលំបាករបស់ពួកគាត់ ជាពិសេសបានផ្តល់អំណោយជាផ្ទាំងសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យដើម្បីឲ្យពួកគាត់ប្រើប្រាស់តាមតម្រូវការចាំបាច់។