ឯកឧត្តម ផៃ ស៊ីផាន បានឆ្លើយតបទៅនឹង EUវិញថា ថេរវេលាក្នុងការពិភ្សាគ្នា គឺភាពជាដៃគូ ដែលEUទុកពេលឲ្យកម្ពុជា រយៈពេល១៧ខែ


ភ្នំពេញ៖ បន្ទាប់ពីសហភាពអឺរ៉ុប (EU) ប្រកាសរក្សាច្រកចរចា ជាមួយកម្ពុជា មុននឹងសម្រេចដក EBA នោះ អ្នកនាំពាក្យ​ រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ស៊ីផាន បានឆ្លើយតបទៅនឹង EUវិញថា ថេរវេលាក្នុងការពិភ្សាគ្នា គឺភាពជាដៃគូ ដែលEUទុកពេលឲ្យកម្ពុជា រយៈពេល១៧ខែ ទៅមុខទៀត ដូច្នេះ តើកម្ពុជាចរចាជាមួយ EU និយាយអំពីរឿងអ្វី?

យោងតាមការចេញផ្សាយ របស់ VOD នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា EU អះអាងថា វិធានការដកហូតកម្ពុជា ចេញពីប្រព័ន្ធអនុគ្រោះពន្ធ អាចត្រូវបាន ពិចារណាឡើងវិញ ប្រសិនបើស្ថានភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ត្រូវបានកែលម្អ ឲ្យប្រសើរឡើងនោះ ដែលនេះ គឺជាការឆ្លើយតប ទៅនឹងការព្រមានរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវក្រវាត់ក្រុងទី៣ កាលពីថ្ងៃទី១៤ មករា សម្ដេចតេជោព្រមានថា ប្រសិនបើដាក់ទណ្ឌកម្មកម្ពុជា ពិតមែន នោះ គឺជាការវាយសម្លាប់អតីត គណបក្សសង្គ្រោះជាតិទៅវិញ ដូច្នេះសូមកុំមកគំរាម និងប្រដៅកម្ពុជាបន្ដទៀត ព្រោះកម្ពុជាអត់ពីពួកគេ ទៅក៏មិនស្លាប់ដែរ ដោយសេដ្ឋកិច្ឋកម្ពុជានៅតែ បន្តដើរទៅមុខជានិច្ច ហើយបើគ្មានដង្ហើមពួកគេ គឺកម្ពុជាដកដង្ហើមដោយខ្លួនឯង មិនទៅខ្ចីនោះទេ។

ឆ្លើយតបការលើកឡើង របស់EU ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៦ មករានេះថា “ថេរវេលាក្នុងការជជែកគ្នា នៅក្នុងភាពជាដៃគូ គឺយើងមាន១៧ខែទៀត នៅក្នុងចរចាចំណុចទី២ តើយើងចង់និយាយគ្នារឿងអី? ទី១.ដោយសារយើងចាប់ផ្ដើម កម្មវិធីដែលឈរទៅលើ លក្ខខណ្ឌនៃជីវភាព ដែលយើងមាន ទើសដៅកាត់បន្ថយភាពក្រីក្រ”។

ឯកឧត្តមបន្ដថា ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា សព្វថ្ងៃនេះ បានឆ្លុះបញ្ចាំងថាកំណើន នៃប្រាក់ចំណូល របស់ពលរដ្ឋម្នាក់ៗកើនឡើងដល់ ១៤០០ដុល្លារ ទៅ១៥០០ដុល្លារ ក្នុង១ឆ្នាំ។ លោកថា ប្រាក់ចំណូលរបស់ពលរដ្ឋសព្វថ្ងៃនេះ បានហួសដែនកំណត់ ដែលEU អនុញ្ញតឲ្យកម្ពុជា ទទួលប្រព័ន្ធអនុគ្រោះពន្ធ។

មន្ដ្រីនាំពាក្យរាជរដ្ឋាភិបាល បន្ថែមថា” កម្ពុជា-EU ជជែកគ្នា ក្នុងរយៈពេល១៧ខែ ទៅមុខទៀតនោះ តើEU ត្រូវយកពន្ធពីកម្ពុជាប៉ុណ្ណា? ដូច្នេះបញ្ហាទាំងនេះ គឺស្ថិតនៅ​ក្នុងភាពជាដៃគូរវាង កម្ពុជា-EU ។ ការពិភាក្សាគ្នារវាងកម្ពុជា-EU ដើម្បីឯកភាពគ្នា​ តើកម្ពុជាមានលទ្ធភាពបង់ពន្ធ ឲ្យEUប៉ុណ្ណោ”។

សូមរំលឹកថា EU បានប្រកាសថា នឹងបន្តនីតិវិធីរបស់ខ្លួនដើម្បី ធ្វើការដកប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញ គ្រប់មុខរបស់កម្ពុជា លើកលែងតែគ្រឿងសព្វាវុធ ហៅកាត់ថា (EBA) ក្រោយ EU បានដាក់សំណើរមួយចំនួន មកកាន់រាជរដ្ឋាភិបាលឲ្យកែប្រែ ស្ថានភាពនយោបាយនៅកម្ពុជា។ ក្នុងនោះ EU ទុករយៈពេល១២ខែឲ្យកម្ពុជា ក្នុងការតាមដាននីតិវិធី ដកការអនុគ្រោះពន្ធ ពីកម្ពុជាទៅសហភាពអឺរ៉ុប។ របាយការណ៍រដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ទំនិញដែលនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារសហគមន៍ បានរួចផុតពីកាតព្វកិច្ចបង់ពន្ធ ដែលមានតម្លៃជាទឹកប្រាក់ ដល់ទៅជិត ៧០០លានដុល្លារក្នុងមួយឆ្នាំៗ៕