វគ្គ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​ខុស​ច្បាប់​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា


រាជធានី​ភ្នំពេញ៖ ​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជា​មួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​រៀប​ចំ​​​​វគ្គ​ផ្សព្វផ្សាយ​​អប់រំ​ពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ដល់​សិស្សានុសិស្ស ដើម្បី​ធានា​បាន​ថា​សាលា​ជា​កន្លែង​ដែល​គ្មាន​ការ​ចែក​ចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ខុស​ច្បាប់ ព្រោះ​គ្រឿងញៀន​នឹង​បំផ្លាញ​ដល់​អនាគត​របស់​យុវជន​។ ​​

វគ្គ​ផ្សព្វផ្សាយ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិបតីភាព​​ឯកឧត្តម​ ស សុខា ​រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ​​ នា​ព្រឹក​ថ្ងៃ​ពុធ ១១​​កើត ខែ​បុស្ស ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ ​នៅ​​វិទ្យាស្ថាន​ជាតិ​អប់រំ ដោយ​មាន​ការ​ចូលរួម​ពីសំណាក់​​ថ្នាក់​ដឹកនាំ​ មន្ត្រី​នៃ​អង្គភាព​ពាក់ព័ន្ធ ព្រមទាំង​សិស្សានុសិស្ស​នៃ​​សាលា​រៀន​សុវណ្ណភូមិ។ ក្នុង​ឱកាស​នោះ​ឯកឧត្តម​បាន​ ផ្តាំ​ផ្ញើ​ដល់​យុវជន​ ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ បង្កើន​ចំណេះ​ដឹង​ ជៀសវាង​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន៕