ឯកឧត្តម យ៉ង់ សែម អញ្ជើញធ្វើមតិបូកសរុប និងបិទអង្គវេទិកាថ្នាក់ខេត្តស្តីពី ការពង្រឹងសមត្ថភាពរបស់ក្រុមប្រឹក្សា​ឃុំ សង្កាត់ និងការផ្ត​ល់​ ​សេវាសាធារណៈ​នៅមូលដ្ឋាន


នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិក​ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញធ្វើមតិបូកសរុប និងបិទអង្គវេទិកាថ្នាក់ខេត្តស្តីពី «ការពង្រឹងសមត្ថភាពរបស់ក្រុមប្រឹក្សា​ឃុំ សង្កាត់ និងការផ្ត​ល់​ ​សេវាសាធារណៈ​នៅមូលដ្ឋាន» នៅសាលប្រជុំសាលា ខេត្តកំពង់ធំ។
ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិក​ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់អង្គវេទិកាដែលបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សមាជិក​ សមាជិកាក្រុមប្រឹក្សាក្រុង​ ស្រុក ខណ្ឌ ឃ៉ំ​សង្កាត់ ដែលបានចូលរួមយ៉ាងសកម្មដោយមិនខ្លាចនឿយហត់ ដើម្បីរួមគ្នាចែករំលែកព័ត៌មាន មតិយោបល់​ និងបទពិសោធន៍ល្អៗ និងមានតម្លៃជាគុណប្រយោជន៍បង្កើនសមត្ថភាពដល់ក្រុមប្រឹក្សា សង្កាត់ ដែលជាមូលដ្ឋានគ្រឹះក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យបានកាន់តែល្អប្រសើរឡើងផងដែរ។ ជាមួយគ្នានេះដែរ ការរៀបចំអង្គវេទិការនាពេលនេះគឺមានអត្ថន័យយ៉ាងជ្រាលជ្រៅ​ មិនត្រឹមតែសម្រាប់ព្រឹទ្ធសភា ថ្នាក់ជាតិ និងថ្នាក់ក្រោម
ជាតិប៉ុណ្ណោះទេ ប៉ុន្តែវេទិកានេះ​ក៏បានឆ្លុះបញ្ចាំងផងដែរអំពីការយកចិត្តទុកលើការលើកស្ទួយការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការពីសំណាក់ស្ថាប័នពាក់ព័ន្ធនានាផងដែរ។
វេទិកាថ្នាក់ខេត្តនេះ ប្រព្រឹត្តទៅរយៈពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០១៩ ក្រោមកិច្ចសហការរៀបចំ​រវាងក្រុមសមាជិកព្រឹទ្ធសភា​ប្រចាំភូមិភាគទី៨ និងរដ្ឋបាលខេត្តកំពង់ធំ។