អនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត មន្ទីរធនធានទឹក និងឧតុនិយមចុះបូមទឹកចូលអាងទឹកព្រែកជីកកំពង់ ឃ្លាំងទុកសង្គ្រោះស្រូវ ៧០០ហិកតា


កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ដោយអនុវត្តន៍តាមសារាចរ ណែនាំលេខ ០២សរណន របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៧ ខែ មករា ឆ្នាំ២០១៩ ស្តីពីចាត់វិធានការថែរក្សាទឹកទុក មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានចុះបូមទឹកចូលអាងទឹកព្រែកជីកកំពង់ឃ្លាំងទុកប្រើប្រាស់និងជួយសង្រ្គោះស្រូវប្រាំងដែលរងការប៉ះពាល់ប្រមាណ ៧០០ហិកតានៅភូមិសាស្ត្រឃុំដានរុន និងកៀនសង្កែ ក្នុងស្រុកសូទ្រ និគម ខេត្តសៀមរាប។

សូមបញ្ជាក់ផងដែរ តាមការព្យាករណ៍អាកាសធាតុ ឃើញថា រដូវប្រាំងឆ្នាំមានអាកាសធាតុក្តៅហួតហែង ដែលមានសីតុណ្ហភាពរហូតដល់ ៤០~៤២អង្សាសេ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានជូនដំណឹងឲ្យគ្រប់ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយ និងចាត់វិធានការថែរក្សា ទឹកទុកសម្រាប់ការប្រើប្រាស់ និងស្រោចស្រព។ ជាមួយគ្នានេះកាល ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាល ខេត្ត បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ដោយបានដាក់ផែនការដើម្បីគ្រប់គ្រងការថែរក្សាទឹកទុក និងត្រៀមសង្គ្រោះនៅក្នុងតំបន់ដែលទទួលរងគ្រោះរាំងស្ងួត ព្រមទាំងណែនាំឲ្យរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ តាមដាន និងធ្វើរបាយ ការណ៍មកគណៈកម្មាធិការថ្នាក់ខេត្តជាប្រចាំ។