ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ រៀបចំអាហារសាមគ្គីជូនគណៈប្រតិភូ​ព្រឹទ្ធសភា រដ្ឋសភា និង​​​រដ្ឋាភិបាលឥណ្ឌូណេស៊ី​


(ភ្នំពេញ)៖​ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងលោកស្រី នៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ បានរៀបចំអាហារសាមគ្គី ជូនគណៈប្រតិភូសាធារណរដ្ឋឥណ្ឌូណេស៊ី មកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាល ដឹកនាំដោយលោក Pak Agung Laksono អតីតប្រធានរដ្ឋសភាឥណ្ឌូណេស៊ី។

ពិធីនេះ រៀបចំឡើងនៅលើកាណូតក្នុងផ្ទៃទឹកទន្លេចតុមុខ រាជធានីភ្នំពេញ នាវេលាទស្សនីយភាពថ្ងៃលិច ដែលមានការចូលរួម ពីលោកឧកញ៉ា សុះ កំរ៉ីចាងហ្វាងគណៈដឹកជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា រួមជាមួយលោក លោកស្រី ពីស្ថាប័នរដ្ឋសភាជាតិនៃកម្ពុជា និងថ្នាក់ដឹកនាំបណ្តា ក្រសួងនានាជាច្រើនរូបផងដែរ។

តាមការបញ្ជាក់ពី ឯកឧត្តម​ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានលើកឡើងថា ជំនួបអាហារសាមគ្គីនេះ គឺជាការបង្ហាញអំពីភាតរភាព និងទំនាក់ទំនងជិតស្និទ្ធ យូរអង្វែងរវាងគណៈប្រតិភូស្ថាប័នកំពូលឥណ្ឌូណេស៊ី ជាមួយភាគីកម្ពុជា ក៏ដូចជាសហគមន៍ខ្មែរឥស្លាម ក្រោយគណៈប្រតិភូបានបញ្ចប់ដោយជោគជ័យ ពីការចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) និង​កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅលើទឹកដីប្រវត្តិសាស្រ្តអង្គរ ចាប់ពីថ្ងៃទី​១៤ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។​

គួរបញ្ជាក់ថា នៅកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) កន្លងទៅនេះ ក៏មានចូលរួមពី​អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោកបណ្ឌិត Jusuf Muhammad Kalla និង​​លោកស្រី ដែលបានអញ្ជើញដល់ទីក្រុងសៀមរាប នៅរាត្រីថ្ងៃទី​១៤ ខែមករា ឆ្នាំ២០១៩ និង​បានអញ្ជើញនិវត្តន៍ទៅវិញនៅថ្ងៃទី​១៦ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីបានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា នៅសណ្ឋាគារ Lotus Blanc ទីក្រុងសៀមរាប៕​