សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាពិព័រណ៌ ខួប៤០ឆ្នាំនៃកំណែទម្រង់បើកទូលាយប្រទេសចិន


នៅព្រឹកថ្ងៃទី ២១ មករា នេះសម្តេចតេជោ ហ៊ុន សែន នាយក្រដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទស្សនាពិព័រណ៌ក្នុងឱកាសខួប៤០ឆ្នាំ នៃកំណែទំរង់ និងការបើកទូលាយប្រទេសចិន នៅសារមន្ទីរជាតិចិន ដែលស្ថិតនៅខាងកើតនៃទីលានធានអានមេន ក្នុងទីក្រុងប៉េកាំង។

គោលបំណងសំខាន់នៃសារមន្ទីរគឺដើម្បីផ្តល់នូវការសិក្សាអប់រំអំពីសិល្បៈ វប្បធម៍ និងប្រវត្តិសាស្រ្តនៃប្រទេសចិន។ សារមន្ទីរនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងនៃក្រសួងវប្បធម៌របស់ប្រទេសចិន ដែលបានបើកជាផ្លូវការកាលពីថ្ងៃទី ១ ខែ តុលា ឆ្នាំ ១៩៥៩។

លោក Chunfa Wang នាយកសារមន្ទីរ បានជំរាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីការដាក់តាំងបង្ហាញនូវពិព័រណ៌រូបថតស្តីពីសកម្មភាពនៃរយៈពេល៤០ឆ្នាំនៃកំណែទំរង់ និងការបើកទូលាយរបស់ប្រទេសចិន ពោលគឺចាប់តាំងពីសម័យដឹកនាំដោយលោកប្រធានតេស៊ីពីង រហូតមកដល់ដំណាក់ដឹកនាំនាពេលបច្ចុប្បន្ន របស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង។

នៅក្នុងសារមន្ទីរយើងឃើញមានរូបថតពិព័រណ៌ស្តីពីសមិទ្ធផលប្រទេសចិនចាប់តាំងពីវិស័យកសិកម្ម ឧស្សាហកម្ម សព្វាវុធ និងបច្ចេកវិទ្យា ដែលបានធ្វើអោយប្រទេសចិនក្លាយជាមហាអំណាចមួយសព្វថ្ងៃនេះ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ក៏បានអញ្ជើញមើលបច្ចេកវិទ្យានៃការបញ្ជារថភ្លើងល្បឿនលឿន ដែលរត់បានជាង៣០០គមក្នុង១ម៉ោង។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកលូតលាស់របស់ប្រទេសចិន។

តាមរយៈនៃសកម្មភាពដែលបានដាក់តាំងបង្ហាញទាំងអស់នេះ គឺបង្ហាញអោយឃើញច្បាស់អំពីលទ្ឋផលនៃកំណែទម្រង់ស៊ីជម្រៅពីសំណាក់ថ្នាក់ដឹកនាំកំពូលចិនស្តីពីទិសដៅនិងអនាគតដ៏ភ្លឺត្រចះត្រចង់របស់ប្រទេស និងប្រជាជនចិនទាំងមូល។ ពិព័រណ៌សមិទ្ធផលរូបថតទាំងនេះ ក៏បានបើកឲ្យប្រជាជនចិន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិចូលទស្សនាផងដែរ៕