ប្រគល់អំណោយកុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ និងម៉ាស៊ីនថតចម្លង សម្តេចតេជោ ហ៊ុន សែន ដល់វិទ្យាល័យ៥កន្លែង នៅខេត្តបន្ទាយមានជ័យ


ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ –កុំព្យូទ័រ១០៦គ្រឿង ម៉ាស៊ីនព្រីនធ័រ១៦គ្រឿង និងម៉ាស៊ីនថតចម្លង៩គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាត្រូវបានក្រុមជំនួយការសម្តេចនាំយកទៅប្រគល់ឱ្យដល់វិទ្យាល័យ ៥កន្លែងនៅក្នុងខេត្ត បន្ទាយមានជ័យកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ។
ឯកឧត្តម ជុំ លី ក្រុមជំនួយការសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូរាជរដ្ឋាភិបាល មកកាន់ខេត្ត បន្ទាយមានជ័យ រយៈពេល២ថ្ងៃ កាលពីថ្ងៃទី១៨ និង២០ ខែតុលា ឆ្នាំ ២០១៦ក្រៅពីសម្តេចបានផ្តល់នូវអគារសិក្សា អគារ ទីចាត់ការ អគារស្នាក់នៅរបស់គ្រូបង្រៀន ជាច្រើន ក្នុងខេត្តបន្ទាយមានជ័យនោះក៏នៅ មានកុំព្យូទ័រ១០៦គ្រឿង និងម៉ាស៊ីនព្រីនធ័រ១៦គ្រឿង ម៉ាស៊ីនថតចម្លង៩គ្រឿង សម្រាប់ប្រើប្រាស់ តាមតម្រូវការក្នុងសាលារៀន ដែល នេះជាការយកចិត្តទុកដាក់ របស់សម្ដេចតេជោ ក្នុងវិស័យអប់រំ។
សាលាទាំង៥ដែលទទួលបានអំណោយនេះមាន វិទ្យាល័យសិរីសោភ័ណ កុំព្យូទ័រ២០ គ្រឿង ម៉ាស៊ីនព្រីនធ័រ៥គ្រឿង ម៉ាស៊ីនថតចម្លង៤គ្រឿង វិទ្យាល័យអូរអំបិល កុំព្យូទ័រ២០គ្រឿង ម៉ាស៊ីនព្រីនធ័រ២គ្រឿង ម៉ាស៊ីនថត ចម្លង១គ្រឿង វិទ្យាល័យសម្តេចឪ កុំព្យូទ័រ២០គ្រឿង ម៉ាស៊ីនព្រីនធ័រ២គ្រឿង ម៉ាស៊ីនថតចម្លង១គ្រឿង វិទ្យាល័យហ៊ុនសែន ខ្លាកូន កុំព្យូទ័រ២០ គ្រឿង ម៉ាស៊ីនព្រីនធ័រ២គ្រឿង ម៉ាស៊ីនថតចម្លង១គ្រឿង និងវិទ្យាល័យ ស្វាយចេក កុំព្យូទ័រ២៦ គ្រឿង ម៉ាស៊ីនព្រីនធ័រ៥គ្រឿង និងម៉ាស៊ីនថតចម្លង២គ្រឿង។
សូមបញ្ជាក់ថានៅក្នុងបេសកកម្មចុះត្រួតពិនិត្យមើលសមិទ្ធផលពាក់កណ្ដាល អាណត្តិ និងដោះស្រាយបញ្ហា ប្រឈមនានាជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ និង២០ ខែតុលា ឆ្នាំ២០១៦សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា បានផ្ដល់អគារសិក្សាចំនួន ២៧ខ្នង ស្មើនឹង៤៨០បន្ទប់ អគារទីចាត់ការ ១៨ ខ្នងស្មើ៥៤បន្ទប់ ផ្ទះគ្រូ ៥ខ្នងស្មើ ៥០បន្ទប់ ម៉ាស៊ីនថតចម្លង៩គ្រឿង កុំព្យូទ័រ ១០៦គ្រឿង និងម៉ាស៊ីនព្រីនធ័រ ១៦គ្រឿង។
ក្នុងពិធីប្រគល់ទទួលសម្ភារនេះលោក ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមាន ជ័យដែលតំណាង ឱ្យលោកគ្រូអ្នកគ្រូសិស្សានុសិស្សមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យបានថ្លែងដោយក្តីរំភើបរីករាយឥតឧបមា និងសូមសម្តែងនូវ ការគោរពដឹងគុណ គាំទ្រ និងសូមគោរពជូនពរ សម្តេចមានសុខភាពល្អជានិច្ច មានជន្មាយុ យឺនយូរដើម្បីបន្តដឹកនាំនាវាកម្ពុជាប្រកបដោយសន្តិភាពនិង អភិវឌ្ឍន៍រីកចម្រើនរុងរឿងជារៀងរហូតទៅ៕