មហាអំណាចលេខ១ នៅអាស៊ី បន្តប្រកាសគាំទ្រគោលនយោបាយឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា


(ភ្នំពេញ)៖ ជាថ្មីម្ដងទៀតក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ដ្រីនៃកម្ពុជា មហាអំណាចលេខ១ នៅទ្វីបអាស៊ី គឺមហាយក្សចិន បានប្រកាសពីការគោរពចំពោះ ឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងបានបញ្ជាក់ឡើងវិញពីការគាំទ្រចំពោះគោលនយោបាយឯករាជ្យ និងការអភិវឌ្ឍរបស់កម្ពុជា ស្របទៅ​នឹងផលប្រយោជន៍របស់ប្រជាជនកម្ពុជា។

សេចក្ដីថ្លែងការណ៍រួមរវាង​កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានបង្ហាញជាផ្លូវការ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ភាគីចិនបានលើកជាថ្មី ពីការគោរពចំពោះឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងបានបញ្ជាក់ឡើងវិញ ពីការគាំទ្រចំពោះគោលនយោបាយឯករាជ្យ និងការអភិវឌ្ឍរបស់កម្ពុជាស្របទៅ នឹងផលប្រយោជន៍របស់ប្រជាជនកម្ពុជា»

​ភាគីកម្ពុជា​វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំធេងជាច្រើន តាមរយៈកំណែទម្រង់ និងការបើកទូលាយរបស់ប្រទេសចិន និងសូមជូនពរ ដោយស្មោះចំពោះភាគីចិន ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ដែលមាន​អគ្គលេខាធិការ ស៊ី ជីនភីង ជាស្នូលសំខាន់ក្នុងការដឹកនាំ នឹងសម្រេចបានដោយជោគជ័យនូវគោលដៅសតវត្សទំាងពីរ។​

ភាគីកម្ពុជា ជឿជាក់ថា ប្រជាជនចិន នឹងអភិវឌ្ឍប្រទេសចិន ទៅជាប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងក្លា​ ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន សុខដុមរមនា និងស្រស់ស្អាត​។

ជាមួយគ្នានេះ ភាគីចិន ក៏បានជូនពរដោយស្មោះឲ្យប្រជាជនកម្ពុជាបន្ដសម្រេចបាននូវសមិទ្ធផលថ្មីៗ និងធំធេងក្នុងការអភិវឌ្ឍជាតិ ក្រោមម្លប់ព្រះបារមី ព្រះមហាស្វេតឆ័ត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ​ ហ៊ុន សែន ជាប្រមុខ​។