អភិបាលខេត្តពោធិ៍សាត់ បានជួយអន្តរាគមន៍ដោះស្រាយភ្លាមៗ ជូនដល់ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ ដែលមានទុក្ខលំបាកដោះស្រាយមិនបាន


ជានិច្ចជាកាល នៅមុនក៏ដូចជាក្រោយម៉ោងការងាររដ្ឋបាល ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ តែងតែប្រើប្រាស់តួនាទីជាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ចូលរួមដោះស្រាយទុកលំបាក ក៏ដូចជាបញ្ហាប្រឈម និងបានផ្តល់ស្បៀង ព្រមទាំងវត្ថុកំដរដៃបន្តិចបន្តួច ជូនដល់ជនចាស់ជរា គ្រួសារក្រីក្រ និងក្រុមគ្រួសារម៉ូតូឌុប បានប្រើប្រាស់ និងបានដោះស្រាយជាបឋម។

ជាក់ស្តែងសម្រាប់ថ្ងៃទី២២ និង២៣ ខែមករា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ ដែលមានទុក្ខលំបាកដោះស្រាយមិនបាន និងខ្លះទៀតខ្វះខាតស្បៀង ពួកគាត់មកសុំជួបផ្ទាល់ ដល់ការិយាល័យរបស់ឯកឧត្តម, ភ្លាមនោះឯកឧត្តមអភិបាលខេត្ត ក៏បានឆ្លើយតបជាមួយនឹងការជួយអន្តរាគមន៍ដោះស្រាយភ្លាមៗ ជូនដល់ពួកគាត់ ទៅតាមលទ្ធភាពជាក់ស្តែង។

សូមបញ្ជាក់ថា ក្នុងយន្តការដឹកនាំរបស់ឯកឧត្តមបានជាង៥ឆ្នាំ ឯកឧត្តមដែលតែងតែចាត់ទុកប្រជាពលរដ្ឋគឺជាគ្រួសារតែមួយ នៅពេលណាពលរដ្ឋមានទុក ឬមានគឺមានវត្តមានរបស់ឯកឧត្តម ហើយលេខទូរស័ព្ទទាំង២ប្រព័ន្ធរបស់ឯកឧត្តម បានចំហរជូនប្រជាពលរដ្ឋ បានខលចូលគ្រប់ពេលវេលា នៅពេលដែលមានរឿងអយុត្តិយធម៌ណាមួយកើតឡើង។

ប្រជាពលរដ្ឋនៅទីនោះ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមអភិបាលខេត្ត ដែលពួកគាត់ទទួលបានឳពុកម្តាយប្រកបដោយព្រហ្មវិហារធម៌ ជួយដោះស្រាយទុក្ខលំបាកទាន់ពេលវេលា ព្រមទាំងបានសន្យាថា នឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជារៀងរហូត៕