លោកជំទាវ សេង វណ្ណសាយ និង ឯកឧត្តម ម៉ី លីហួត បានចុះទៅពិនិត្យការងារ​អន្តរាគមន៍​ដោះស្រាយទឹកស្រោចស្រពដល់ដំណាំស្រូវប្រាំងរបស់ប្រជាកសិករនៅខេត្តស្វាយរៀង


ថ្ងៃ​ព្រហស្បតិ៍​ ៤រោច ខែបុស្ស​ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ​ត្រូវនឹងថ្ងៃទី ២៤ ខែមករា​ ឆ្នាំ ២០១៩ លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការ អមដំណេីរដោយ​លោក គឹម​ សាវុធ​ ប្រធានមន្ទីរ​ធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង និងមន្ត្រីបច្ចេកទេសមួយចំនួនទៀត​ បានចុះទៅពិនិត្យការងារ​អន្តរាគមន៍​ដោះស្រាយទឹកស្រោចស្រពដល់ដំណាំស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងស្រុកស្វាយជ្រំ និងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

សូមបញ្ជាក់ជូនថា ដំណាំស្រូវប្រាំងរបស់កសិករសរុបជាង ៥០០ ហត នៅក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ និងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បានប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព ខណៈប្រភពទឹកនៅតំបន់ទាំងពីរនោះបានចាប់ផ្តើមគោករីងជាបណ្តើរៗ ។ ពិនិត្យឃើញបញ្ហានេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានចុះអន្តរាគមន៍ដោះស្រាយភ្លាមៗជូនបងប្អូនប្រជាកសិករ ដោយក្នុងនោះ ៖
១. ឃុំស្វាយយា ស្រុកស្វាយជ្រំ មានផ្ទៃដីប៉ះពាល់ប្រមាណ ៣០៤ ហត មន្ទីរបានធ្វើការស្តារប្រឡាយ ០១ ខ្សែ ប្រវែង ៣.៨០០ ម ដើម្បីនាំទឹកពីអាងដូនស ទៅកាន់តំបន់នោះ ។
២. ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ មានផ្ទៃដីប៉ះពាល់ប្រមាណ ២១៥ ហត មន្ទីរបានធ្វើការស្តារប្រឡាយ ០១ ខ្សែ ប្រវែង ១.៣០០ ម ដើម្បីនាំទឹកពីព្រែកព្រំដែនកម្ពុជា-វៀតណាម ទៅកាន់តំបន់នោះ ។