កិច្ចប្រជុំកំពូល ACMECS លើកទី៧ និងកិច្ចប្រជុំកំពូល CLMV លើកទី៨


ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦–បេសកជនពិសេសរបស់ទូរទស្សន៍ជាតិបានឱ្យដឹងថា កិច្ចប្រជុំកំពូល ACMECS លើកទី៧ និងកិច្ចប្រជុំកំពូល CLMV លើកទី៨ បានប្រារព្ធពិធីបើកជាផ្លូវការនៅ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម អ៊ូ ធិន ច ប្រធានាធិបតីនៃ សាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ឯកឧត្តម ស៊ុំឃីដ ចតុស្រ៊ីភីថាក់ ឧបនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ឯកឧត្តម ឡេ លឿងមិញ អគ្គលេខាធិការអាស៊ាន លោកជំទាវបណ្ឌិត សាំសាដ អាក់តា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិគណៈកម្មាធិការសង្គម សេដ្ឋកិច្ច សម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក តំណាងធនាគារអភិវឌ្ឍអាស៊ី និងតំណាងផ្នែកធុរកិច្ចនៃប្រទេស CLMV និង ACMECS ជាច្រើន។
ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នោះ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតមានប្រសាសន៍ថា រយៈពេលជាង១០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ CLMV និង ACMECS បានសម្រេចនូវលទ្ធផលយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់ប្រទេសនីមួយៗ ពិសេសការរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន ក៏ដូចជាការរួមចំណែក ដល់ការស្ថិរភាពនៅក្នុងតំបន់ទាំងមូលផងដែរ។
ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមនិងជាប្រធានកិច្ចប្រជុំកំពូល មានប្រសាសន៍បន្តថា ការសម្រេចបាននូវ សមិទ្ធផល ជាផ្លែផ្កាក្នុងរយៈពេលជាង១០ឆ្នាំកន្លងមករបស់បណ្តាប្រទេស CLMV និង ACMECS បានធានានូវជំរុញកំណើនសេដ្ឋកិច្ចរបស់អាស៊ីដែលជាតំបន់មួយ មានកំណើនសេដ្ឋកិច្ចសកម្ម ជាងគេនៅក្នុងពិភពលោក។
លទ្ធផលនៃការប្តេជ្ញាចិត្តនិងការប្រឹងប្រែងរបស់ប្រទេសទាំងប្រាំ ក៏ជាសមិទ្ធផលមួយដល់ការគាំទ្រ យ៉ាងសកម្ម ក្នុងការបន្តលទ្ធ ភាពដល់បណ្តាដៃគូអភិវឌ្ឍ និងអ្នកគាំទ្រដល់កិច្ចសហប្រតិបត្តិការ របស់យើង ពិសេសអាស៊ានទាំងមូល។
ឯកឧត្តមនាយករដ្ឋមន្រ្តីក៏បានលើកឡើងពីបញ្ហាប្រឈមនានា ដែលប្រទេសទាំងប្រាំបាន និងកំពុងបន្ត ដោះស្រាយ ទៅមុខទៀត ក្នុងនោះកិច្ចប្រជុំរបស់យើងនៅថ្ងៃនេះ យើងនិងធ្វើការពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់ ទៅលើបរិស្ថាននៃការអភិវឌ្ឍថ្មី និងឯកភាពគ្នាទៅលើចំណុចខ្លឹមសារ មួយចំនួន ដាក់ចេញនូវមធ្យោបាយសហប្រតិបត្តិការ ដើម្បីកសាងនូវ សង្គមសេដ្ឋកិច្ចមួយដ៏សកម្ម និងមានការប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែង សុន្ទរកថា គន្លឹះក្នុងពិធីបើកិច្ចប្រជុំកំពូល ACMECS លើកទី៧ និងកិច្ចប្រជុំកំពូល CLMV លើកទី៨ ឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម អ៊ូ ធិន ច ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឯកឧត្តម ស៊ុំឃីដ ចតុស្រ៊ីភីថាក់ ឧបនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ឯកឧត្តម ឡេ លឿងមិញ អគ្គលេខាធិការអាស៊ាន លោកជំទាវបណ្ឌិត សាំសាដ អាក់តា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ គណៈកម្មាធិការសង្គម សេដ្ឋកិច្ចសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក តំណាងធនាគារអភិវឌ្ឍអាស៊ី បានធ្វើបទអន្តរាគមន៍ទៅនឹងបញ្ហាគន្លឹះមួយចំនួនដែលប្រទេស CLMV និង ACMECS បន្តរួមគ្នាធ្វើការដោះស្រាយសម្រាប់អនាគតដ៏រុងរឿងរបស់តំបន់និងពិភពលោក ពិសេសសេចក្តីត្រូវការនៃការអភិវឌ្ឍរបស់ប្រជាជាតិក្នុងតំបន់ និងក្រៅតំបន់៕