ផ្សារ ម៉ាក្រូ សាខាខេត្តសៀមរាប បានសម្ពោធដំណើរការជាផ្លូវការ ក្រោមអធិបភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ


កាលពីព្រឹក ថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ទៀ សីហា អភិបាលនៃគណអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលខេត្ត ទីចាត់ការ អង្គភាព មន្ទីរ អង្គភាព និងអភិបាលក្រុង ស្រុក បានចូលរួម ពិធីសម្ពោធដំណើរការផ្សារ ម៉ាក្រូ សាខាខេត្តសៀមរាប បានសម្ពោធដំណើរការជាផ្លូវការ ក្រោមអធិបភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ផ្សារម៉ាក្រូនៅកម្ពុជា គឺមាន ២ទីតាំង ដែលសាខាខេត្តសៀមរាប គឺជាទីតាំងទី២បន្ទាប់ពីរាជធានីភ្នំពេញ ដែលបានបើកដំណើរការរួចហើយ។ ផ្សារម៉ាក្រូ ខេត្តសៀមរាប មានទីតាំងស្ថិតនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង (ខាងកើតផ្សារស្វាយធំ)។

ការវិនិយោគរបស់ក្រុមហ៊ុនសាងសង់ និងបើកដំណើរការផ្សារម៉ាក្រូនៅក្នុងខេត្តសៀមរាបនាពេលនេះ ជាការបង្ហាញឲ្យឃើញពីកំណើនសេដ្ឋកិច្ច និងភាពជឿជាក់លើសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខដឹកនាំ។ ផ្សារម៉ាក្រូនឹងផ្តល់ឱកាសដល់ប្រជាកសិករ និងសហគ្រាសផលិតក្នុងការផ្គត់ផ្គង់ទំនិញ និងកសិផលមកដល់ផ្សារម៉ាក្រូ ព្រមទាំងបានផ្តល់នូវការងារដល់ប្រជាពលរដ្ឋប្រមាណ ២៤០នាក់ផងដែរ។

ក្នុងឱកាសនេះផងដែរ ផ្សារម៉ាក្រូ ក៏បានផ្តល់នូវអំណោយបរិច្ចាគដល់សិស្សានុសិស្សក្រីក្រ១៥នាក់ មកពីវិទ្យាល័យស្វាយធំ និអារញ្ញរង្សី។