ប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួមវេទិកាលើកទី៣ របស់រដ្ឋមន្ត្រី និងអាជ្ញាធរបរិស្ថានសម្រាប់អាស៊ី ប៉ាស៊ីហ្វិក


នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន ដែលរួមមានតំណាងមកពីក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងអគ្គនាយកដ្ឋានគាំពារបរិស្ថាន អញ្ជើញចូលរួមវេទិកាលើកទី៣ របស់រដ្ឋមន្ត្រី និងអាជ្ញាធរបរិស្ថាននៃតំបន់អាស៊ី ប៉ាស៊ីហ្វិក ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងតំណាងថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក អង្គការបរិស្ថានសហប្រជាជាតិ ភ្នាក់ងារអង្គការអន្តរជាតិ អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ គ្រឹះស្ថានសិក្សា វិស័យឯកជន និងសង្គមស៊ីវិល ជាច្រើននាក់ នៅប្រទេសឹង្ហបុរី ដេីម្បីពិភាក្សាលេីវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចចិត្ត និងសេចក្តីថ្លែងការណ៍របស់សភាបរិស្ថានសហប្រជាជាតិនៅថ្នាក់តំបន់ និងកំណត់អាទិភាពការងារសម្រាប់រួមចំណែកក្នុងកិច្ចប្រជុំសភាបរិស្ថានសហប្រជាជាតិលើកទី៤ រួមទាំងការផ្លាស់ប្តូរទស្សនជុំវិញបញ្ហាប្រឈម បរិស្ថាន និងដំណោះស្រាយប្រកបដោយនវានុវត្តន៍សម្រាប់ការប្រើប្រាស់ និងការផលិតប្រកបដោយនិរន្តរភាព។

ឯកឧត្ដម សៅ សុភាព បានបញ្ជាក់អំពីជំហរ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងតំបន់ការពារធម្មជាតិនិងការអភិរក្សជីវៈចម្រុះ ការអប់រំផ្សព្វផ្សាយបរិស្ថាន និងការអភិវឌ្ឍន៍ដោយចីរភាព តាមរយៈការធ្វើកំណែទម្រង់ស្ថាប័ន រៀបចំក្រមបរិស្ថាន និងយុទ្ធសាស្រ្ត និងផែនការសកម្មភាពបរិស្ថានជាតិ បង្កើនផ្ទៃ ដីតំបន់ការពារធម្មជាតិ និងតំបន់របៀងអភិរក្សជីវៈចម្រុះ​ អេកូទេសចរណ៍ ការលើកស្ទួយជីវភាពសហគមន៍ ការពង្រឹងប្រសិទ្ធភាពការងារវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ការលក់ឥណទានកាបូន ការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី ការបង្កើតយន្តការហិរញ្ញវត្ថុបៃតង ដើម្បីជំរុញការអភិវឌ្ឍន៍ដោយចីរភាព។ល។ ដូច្នេះ បញ្ហាប្រឈមតំបន់ និងពិភពលោក ត្រូវតែដំណោះស្រាយប្រកបដោយនវានុវត្តន៍សម្រាប់ការប្រើប្រាស់ និងការផលិតប្រកបដោយនិរន្តរភាព។

ជាលទ្ធផល អង្គវេទិកា បានបើកកិច្ចសន្ទនាពិភាក្សាពីការគាំទ្រគោលនយោបាយដោះស្រាយដោយនវានុវត្តន៍ និងហិរញ្ញវត្ថុ សម្រាប់ការប្រើប្រាស់ និងការផលិតដោយនិរន្តរភាព និងអនុម័តរបាយការណ៍ឧត្តមមន្ត្រី និងសេចក្តីសង្ខេបខ្លឹមសារនៃ វេទិការបស់រដ្ឋមន្ត្រី និងអាជ្ញាធរបរិស្ថាននៅតំបន់អាស៊ី ប៉ាស៊ីហ្វិក សម្រាប់ដាក់ជូននៅក្នុងកិច្ចប្រជុំសភាបរិស្ថានសហប្រជាជាតិ ដែលនឹងប្រព្រឹត្តិទៅនាខែមីនាឆ្នាំ២០១៩ នៅប្រទេសកេនយ៉ា នាពេលខាងមុខ។