ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូនចុះសិក្សាលទ្ធភាពសាងសង់ស្ពានប៉េឡេមួយកន្លែងឋិតនៅភូមិជ្រោយស្នោ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល


ថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យមើលទីតាំងដែលត្រូវសាងសង់ស្ពានមួយកន្លែង ឋិតនៅភូមិជ្រោយស្នោ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល។

តាមគម្រោង ស្ពានឆ្លងកាត់ព្រែកនេះមានប្រវែង ២៤ម៉ែត្រ ជាប្រភេទស្ពានប៉េឡេ អាចទ្រទម្ងន់បានចំនួន៥តោន គ្រោងសាងសង់ឱ្យបានទាន់រដូវទឹកសម្រក ដោយប្រើគ្រឿងចក្ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រោយពីស្ពាននេះត្រូវបានសាងសង់រួច ប្រជាពលរដ្ឋនៅភូមិជ្រោយស្នោអាចធ្វើដំណើរ និងដឹកជញ្ជូនកសិផលនានារបស់ខ្លួនទៅលក់នៅទីផ្សារបានច្រើន និងឆាប់រហ័ស ដែលជាកត្តាជំរុញឱ្យសេដ្ឋកិច្ចគ្រួសារកាន់តែប្រសើរឡើង ឈានទៅកាត់បន្ថយភាពក្រីក្រឱ្យនៅកម្រិតទាបបំផុត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។