រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថានរុស្សី​ ទស្សនាស្វែងយល់សក្តានុពលទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្តនៅតំបន់អង្គរ


នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តម ឌីមីទ្រី កូប៊ីលគីន Dmitry Kobylkin រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន នៃសហព័ន្ធរុស្ស៊ី បានមកបំពេញទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ធម្មជាតិនៅក្នុងតំបន់អង្គរខេត្តសៀមរាប។

នៅក្នុងដំណើរទស្សនកិច្ចនេះមានវត្តមាន ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរ ដោយ ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសុួងបរិស្ថាន តំណាងគណៈអភិបាលខេត្តសៀមរាប អាជ្ញាធរអប្សរា និងមន្រ្តីពាក់ព័ន្ធមួយចំនួន បានអញ្ជើញ រួមដំណើរជាមួយ ឯកឧត្តម ឌីមីទ្រី កូប៊ីលគីន ទៅទស្សនាតាមប្រាសាទបូរាណនានារួមមានប្រាសាទបាយ័ន លានជល់ដំរី ប្រាសាទតាព្រហ្ម ស្រះស្រង់ ទនប់បារាំង បារាយខាងលិច និងប្រាសាទអង្គរវត្តផងដែរ។ ឯកឧត្តម ឌីមីទ្រី កូប៊ីលគីន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងអភិរក្សសម្បត្តិវប្បធម៌ធម្មជាតិ និងប្រវត្តិសាស្រ្ត និងជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិតំបន់អង្គរ ព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តម បានកោតសរសើរ ស្ញប់ស្ញែងដល់បុព្វបុរសខ្មែរ ដែលបានកសាងប្រាសាទ ជាពិសេសប្រព័ន្ធគ្រប់គ្រងទឹកបានល្អតាំងពីសតវត្សទី១១ រហូតដល់សព្វថ្ងៃ។

សូមបញ្ជាក់ថា ទស្សនកិច្ចរបស់ ឯកឧត្តម​ Dmitry Kobylkin នៅតំបន់អង្គរ ខេត្តសៀមរាប រៀបចំឡើងបន្ទាប់ពីឯកឧត្តមបានអញ្ជើញចូលរួមជាសហប្រធានជាមួយឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រកម្ពុជា នៃកិច្ចប្រជុំនៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស នៅរាជធានីភ្នំពេញ ដែលបានបញ្ចប់ដោយផ្លែផ្កាកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ដោយបានពិនិត្យ និងពិភាក្សាលើការវិវឌ្ឍដែលសម្រេចបានពីសម័យប្រជុំលើកទី១០ នៃគណៈកម្មការអន្តររដ្ឋាភិបាល កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧កន្លទៅ ព្រមទាំងបានកំណត់នូវមាគ៌ាថ្មីសម្រាប់សកម្មភាពជាក់លាក់ ដើម្បីលើកកំពស់ភាពជាដៃគូ និងការប្រើប្រាស់សក្តានុពលសម្រាប់វិស័យកិច្ចសហប្រតិបត្តិការថ្មីៗ។

ក្នុងឪកាសនៃកិច្ចប្រជុំនេះដែរ ភាគីទាំង២ ក៏បានពិនិត្យលើវឌ្ឍនភាពនៃភាពជាដៃគូរលើការសហប្រតិបត្តិលើគម្រោងជួសជុល និងអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារផងដែរ។

ក្នុងដំណើរទស្សន:កិច្ច នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម​ Dmitry Kobylkin រដ្ឋមន្រ្តីបរិស្ថាននៃប្រទេសរុស្សី បានទទួលការអនុញ្ញាតចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និងបន្ទាប់មកជួបពិភាក្សាការងារជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តក្នុងវិស័យបរិស្ថាន រវាងប្រទេសទាំពីរកម្ពុជា-រុស្ស៊ី។