ឯកឧត្តម វេង សាខុន និងសហការីចុះពិនិត្យចំការបន្លែរបស់កសិករនៅភូមិបែកកាំភ្លើង


បន្ទាប់ពីកម្មវិធីចុះពិនិត្យកសិដ្ឋានចិញ្ចឹមក្រពើរបស់លោក ខូយ ឈីន រួចមកឯកឧត្តម និងសហការីចុះពិនិត្យចំការបន្លែរបស់កសិករនៅភូមិបែកកាំភ្លើង ឃុំចាន់ស ស្រុកសូត្រនិគម ខេត្តសៀមរាប។ កសិករ សាន សិន បានរៀបរាប់ថាដោយទទួលបានការបណ្តុះបណ្តាលបច្ចេកទេសពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសម្របសម្រួលការអភិវឌ្ឍកសិកម្មកម្ពុជា (Cambodia Agriculture Development Facility) បច្ចប្បន្នកសិករប្រមាណជា ១៧០គ្រួសារ បានដាំបន្លែដូចជាត្រសក់ទ្រើង ម្រះ ប៉េងប៉ោះ សណ្តែកកួរ ដែលជាប្រពពចំណូលសម្រាប់គ្រួសារ ដោយសារឆ្នាំនេះបន្លែគ្រប់ប្រភេទមានតម្លៃល្អប្រសើរជាងឆ្នាំមុនៗ។ បច្ចុប្បន្នក្រុមផលិតបន្លែបានចុះកិច្ចសន្យាផ្គត់ផ្គង់ឱ្យផ្សារទំនើបម៉ាក្រូ នៅខេត្តសៀមរាប ហើយកំពុងបង្កើនការផលិតព្រោះតម្រូវការបរិមាណនៅលើទីផ្សារមានការកើនឡើងជាបន្តបន្ទាប់។

ពិនិត្យឃើញសកម្មភាពជាក់ស្តែងលើការងារប្រមូលផល ដាំដុះ វេចខ្ចប់ ដឹកជញ្ជូនទៅកាន់ទីផ្សារ និងបញ្ហាដែលកំពុងតែកើតមានជាក់ស្តែងនៅចំការ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម ឱ្យសហការជាមួយមន្ទីរកសិកម្មខេត្ត និងដៃគូឯកជនមកអភិវឌ្ឍន៍លើការងារបច្ចេកទេស ពិសេសកម្មវិធីផលិតកម្ម (រៀបចំដី គ្រាប់ពូជ បណ្តុះកូន ដាំដុះ ប្រមូលផល វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារ) និងពិនិត្យលទ្ធភាពធ្វើឃ្លាំងត្រជាក់រក្សាបន្លែ និងមធ្យោបាយដឹកជញ្ជូន ដោយសហការជាមួយដៃគូទទួលទិញ ឬផ្សារទំនើបធំៗ។ ដោយឡែក បញ្ហា ជំងីអគ្គនាយកដ្ឋាន និងមន្ទីរត្រូវចុះធ្វើអន្តរាគមន៍ជាបន្ទាប់ដើម្បីទប់ស្កាត់ និងចាត់វិនិងចាត់វិធានការការពារ។

ចំពោះប្រជាកសិករ លោកបានលើកទឹកចិត្តឱ្យខិតខំបន្ថែមទៀតទាំងការងារអនុវត្ត និងទ្រឹស្តីដើម្បីជាទុនក្នុងការផលិតបន្លែដែលធានាបានគុណភាព អនាម័យ និងសុវត្ថិភាព ឆ្លើយតបតាមសេចក្តីត្រូវការរបស់អ្នកបរិភោគ និងទីផ្សារទំនើបៗ ជាពិសេសគួរសិក្សាបន្ថែមក្នុងការផ្លាស់ប្តូរមុខបន្លែ រើសយកប្រភេទបន្លែមានទីផ្សារ តម្លៃខ្ពស់ រក្សាទុកបានយូ ដូចជាខ្ទឹមបារាំងជាដើម ហើយចៀសវាងដាំបន្លែដដែល ជាន់គ្នាដែលធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទីផ្សារ តម្លៃ និងការរក្សាទុកដាក់។