ក្រុមហ៊ុនជប៉ុនគ្រោងធ្វើអគារទំនើប ២១ជាន់ ជំនួសអគារបៀលឌីង


building-28-10-16-2-copy
អគារបៀលឌីងដ៏ចាស់ទ្រុឌទ្រោម នាកណ្តាលរាជធានីភ្នំពេញ ត្រូវក្រុមហ៊ុនជប៉ុនមួយគ្រោងនឹងសាងសង់ឡើង វិញ។ អគារបៀងឌីងដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នេះ បានកសាងតាំងពីទសវត្ស ១៩៦០ ដែលមានកំពស់ ៤ជាន់ និងបណ្ដោយ ៣៣០ម៉ែត្រ។ អគារដ៏ទ្រុឌទ្រោមនេះ នៅតែមានមនុស្ស រាប់រយគ្រួសារកំពុងស្នាក់នៅផងដែរ បើទោះបីជាមានសភាពប្រេះស្រាំ និងមានការព្រួយបារម្ភអំពីភាពខ្ទេចខ្ទាំនិងការរងដួលរំលំក៏ដោយ ។
នៅព្រឹកថ្ងៃ២៧ ខែតុលានេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ទេសរដ្ឋមន្ត្រី លោក ជា សុផារ៉ា តំណាងសាលារាជធានីភ្នំពេញ… តំណាងខណ្ឌចំការមន… មន្ត្រីសង្កាត់ទន្លេបាសាក់ និងក្រុមហ៊ុនជប៉ុន Arakawa បានជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋ នៃសហគមន៍បៀលឌីញស នៅទីស្តីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
នៅក្នុងជំនួបនេះ ទេសរដ្ឋមន្ត្រីជាសុផារ៉ា បានជម្រាបតំណាង ប្រជាពលរដ្ឋ នៃសហគមន៍ ប៊ូឌីញសអំពីចក្ខុវិស័យរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អំពីការអភិវឌ្ឍន៍នៅនឹងកន្លែងនៃអគារប៊ូឌីញស ដែលសព្វថ្ងៃមានសភាពចាស់ទ្រុឌទ្រោម មិនមានការថែទាំ និងបានប៉ះពាល់យ៉ាងខ្លាំងដល់សុវត្ថភាព និងសុខមាលភាព ប្រជាពលរដ្ឋទាំងនៅក្នុងសហគមន៍ និងនៅក្បែរនោះ ។ លោកទេសរដ្ឋមន្ត្រី បានបន្តថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមសហការជាមួយក្រុមហ៊ុនជប៉ុន Arakawa កំពុងសិក្សាអនុវត្ត គម្រោងអភិវឌ្ឍអគារប៊ូឌីញសនេះ ដើម្បីស្នើសុំគោលការណ៍របស់ រាជរដ្ឋាភិបាលកម្ពុជា ។
គម្រោងនេះ ត្រូវគេបញ្ជាក់ថា គឺស្ថិតនៅក្នុងការសិក្សារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុនជប៉ុន Arakawa ដែលនឹងគ្រោងចំណាយថវិកាអស់ប្រមាណ ៧០ទៅ ៨០លាន ដុល្លារអាមេរិក រួមមាន៖ ការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងកសាងអគារថ្មីមានកម្ពស់ ២១ជាន់ ដែលក្នុងនោះ ត្រៀមធ្វើទីតាំងចំណត ៣ជាន់… កន្លែងលក់ដូរ ១ជាន់ និងកន្លែងស្នាក់នៅ ៥ ជាន់ ដែលបន្ទប់ស្នាក់នៅ នីមួយៗ នឹងមានទំហំធំ ជាងមុន ១០% ហើយចាប់ពីជាន់ទី៩ឡើងទៅ នឹងផ្តល់ជាកម្មសិទ្ធិវិនិយោគរបស់ក្រុម ហ៊ុនជប៉ុន Arakawa ។
ប្រជាពលរដ្ឋនៃសហគមន៍បៀលឌីញស បានបង្ហាញនូវសេចក្តីរំភើបរីករាយ ដែលក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានជួយគិតគូរយកចិត្តទុកដាក់ ជាមួយការសាងសង់អគារបៀល ឌីញសនេះ ឡើងវិញជូនប្រជាពលរដ្ឋ និងបានបង្ហាញនូវជំនឿទុកចិត្តចំពោះទេសរដ្ឋមន្ត្រីជាសុផារ៉ា ដែលជារដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្មនិងសំណង់។
     លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានស្នើឲ្យប្រជាពលរដ្ឋជឿជាក់លើ រាជរដ្ឋាភិបាលកម្ពុជា និងអត់ធ្មត់រង់ចាំអគារបៀលឌីញសថ្មី ស្រឡាងដែលនឹងលេចរូបរាងឡើងនៅ ក្នុងពេលប្រមាណ ៤ឆ្នាំខាងមុខនេះ ដែលនឹងពិតជាផ្លាស់ប្តូរជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជាក់ជាមិនខាន ៕
building-28-10-16-3-copy
building-28-10-16-4-copy