កិច្ចប្រជុំផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន


កាលពីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំធំ សាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និង តំណាង បសស ថ្នាក់ជាតិ។ ជាមួយគ្នានេះក៏មានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាព ក្រុមប្រឹក្សា អភិបាល នាយករដ្ឋបាលក្រុង ស្រុក មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យារបស់រដ្ឋបាលខេត្ត និង បសស ថ្នាក់ខេត្ត។

បសស ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើតរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដើម្បីលើកកម្ពស់សុខមាលភាពសង្គម។ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយនេះ គឺជាការយកចិត្តទុកដាក់ចំពោះមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនទទួលបានអត្ថប្រយោជន៍ក្នុងហានិភ័យការងារ និងការថែទាំសុខភាព។ ក្រៅពីនេះ បសស ក៏បានផ្តល់អត្ថប្រយោជន៍នេះនៅក្នុងវិស័យ ឯកជនផងដែរ។

របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សំដៅធានារ៉ាប់រងចំពោះគ្រោះថ្នាក់ការងារ( គ្រោះថ្នាក់ពេលធ្វើដំណើរ ឬធ្វើការ ឬកំពុងធ្វើការ) និងជម្ងឺវិជ្ជាជីវៈ(ជម្ងឺដែលកើតដោយមូលហេតុពីការងារ​ ឬពាក់ព័ន្ធនឹងការងារ)។ ដោយឡែករបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សំដៅដល់ការធានារ៉ាប់រងសុខភាពសង្គមដែលត្រូវផ្តល់ការគាំពារគ្រោះថ្នាក់ ឬជំងឺ​ ឬបញ្ហាសុខភាពដែលមិនពាក់ព័ន្ធនឹងហានិភ័យការងារ។

ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក បសស និងសហការី ដែលបានសហការរៀបចំវគ្គផ្សព្វផ្សាយរបបសន្តិសុខសង្គមនេះឡើង សម្រាប់ជាប្រយោជន៍ដល់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។