គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ប្រវែងសរុបចំនួន១៩០,៦៣ គីឡូម៉ែត្រ ត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុនប្រឹក្សាបច្ចេកទេស


ថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការ ក្រសួង ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាទីប្រឹក្សា បច្ចេកទេសសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន MINCONSULT SDN BHD ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួង និងប្រធានក្រុមហ៊ុនMINCONSULT SDN BHD។

ពិធីចុះហត្ថលេខានេះធ្វើឡើងដើម្បីជំរុញឱ្យក្រុមហ៊ុនប្រឹក្សាបច្ចេកទេសគ្រប់គ្រង និងពិនិត្យតាមដាន ដោយយកចិត្តទុកដាក់ខ្ពស់លើការងារសាងសង់ សំដៅធានាបាននូវគុណភាពស្របតាមបទដ្ឋាន ស្តង់ដារបច្ចេកទេសអន្តរជាតិ ពោលគឺផ្លូវមានភាពរឹងមាំ និងអាចប្រើប្រាស់ជាប់បានយូរផងដែរ។

សូមជម្រាបជូនថា៖ ផ្លូវល្បឿនលឿននេះគ្រោងនឹងបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខនេះ ដោយសាងសង់ជាបួនគន្លង (២គន្លងទៅ ២គន្លងមក ខណ្ឌដោយសួរច្បារកណ្ដាលទ្រូងផ្លូវ) មានប្រវែងសរុបចំនួន ១៩០,៦៣ គីឡូម៉ែត្រ ទទឹង ២៤ម៉ែត្រ ក្រាលកៅស៊ូ AC ជាផ្លូវថ្មីទាំងស្រុង និងមានរបងបាំងសងខាងផ្លូវដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឱ្យបានខ្ពស់បំផុត។