គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សហការ​ជាមួយ​ក្រសួងកសិកម្ម ផ្តល់ព័ត៌មាន​កសិកម្ម​កាន់តែប្រសើរ​ដល់​កសិករ


គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​នៅ​កម្ពុជា​បាននិងកំពុង​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ផ្តល់​សេវាកម្ម​តាមរយៈ​កម្មវិធី​ទូរស័ព្ទដៃ​មួយ​ឈ្មោះ ”ទន្លេសាប” ដើម្បី​ផ្តល់​ព៌​ត​មាន​កសិកម្ម​ដល់​កសិក​រ។

លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​មានប្រសាសន៍​ឲ្យ​ដឹង ក្នុង​ពិធី​សម្ភោ​ធ​កម្មវិធី​នេះ​កាលពី​ថ្ងៃទី២៩ មករា​កន្លងមក​ថា មូលហេតុ​ដែល​អេ អឹម ខេ ផ្តួចផ្តើម​គំនិត​ក្នុងការ​បង្កើត​កម្មវិធី​នេះ​ឡើង ដោយមាន​ការចូលរួម​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា អង្គការ​ជាតិ​និង​អន្តរជាតិ​ជាច្រើន ហើយ​នេះ​ក៏​ជា​សមិទ្ធិផល​ថ្មី​មួយទៀត​ដែល អេ អឹម ខេ បាន​ចូលរួមចំណែក​ជួយ​លើ​កម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា។

លោក​ឲ្យ​ដឹង​ទៀតថា “បច្ចុប្បន្ន​ប្រមាណ៩០ភាគរយ​នៃ​អតិថិជន​របស់ អេ អឹម ខេ រស់នៅ​តំបន់​ជនបទ ហេតុនេះ​ទើប​យើង​បង្កើត​កម្មវិធី​នេះ​ឡើង ដើម្បី​ផ្តល់​ព៌​ត​មាន​ដល់​អតិថិជន។

លោក ស្រ៊ុន សុខុម អគ្គនាយករង​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មានប្រសាសន៍ថា កម្មវិធី​លើ​ទូរស័ព្ទដៃ​នេះ បង្កើតឡើង​ស្រប​និង​ទិសដៅ​របស់​រដ្ឋាភិបាល និង​សម័យ​បច្ចេកវិទ្យា​ទូរស័ព្ទ ដើម្បី​ជួយផ្តល់​ជា​ចំណេះដឹង​ផ្នែក​កសិកម្ម​ដល់​ប្រជាពលរដ្ឋ ជាពិសេស​កសិករ​កម្ពុ​ជា​ដែល​អាច ងាយស្រួល​ក្នុងការ​ស្វែងរក​ប្រភព​ចំណេះដឹង​នានា​ក្នុង​វិស័យ​កសិកម្ម​នេះ។

កម្មវិធី​ទូរស័ព្ទដៃ​ឈ្មោះ​ទន្លេសាប​នេះ បាន​បង្កើតឡើង​ក្នុង​គោលបំណង​ជួយផ្តល់​ចំណេះដឹង​ដល់​កសិករ​ពី​បច្ចេកទេស ព័ត៌មាន​ទីផ្សារ​កសិក​ម្ម ផ្តល់​គន្លឹះសំខាន់ៗក្នុង​ការដាំ​ដំណាំ ស្វែងរក​សម្ភារ​កសិក​ម្ម និង​ចិញ្ចឹមសត្វ​ឱ្យ​កាន់តែ​ប្រសើរឡើង មិនតែប៉ុណ្ណោះ​កសិករ​អាច​ស្វែងរក​សេវា​ហិរញ្ញវត្ថុ ដើម្បី​ពង្រីក​មុខរបរ​កសិក​ម្ម បាន​តាមរយៈ​កម្មវិធី​ថ្មី​នេះ។ គិត​ត្រឹម​ខែធ្នូ ឆ្នាំ២០១៨ អេ អឹម ខេ មាន​អតិថិជន​សរុប​ចំនួន​ជាង៧៦ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង២៥២លាន​ដុល្លារ និង​ប្រាក់​បញ្ញើ​ជាង១៥៨លាន​ដុល្លារ​អាមេរិក៕