ឯកឧត្តម ឡុង​ឌី​ម៉​ង់ ស្នើ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ធុរកិច្ច និង​វិនិយោគ​រវាង​កម្ពុជា និង​កូរ៉េ


ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​សាធារណៈរដ្ឋ​កូរ៉េ បានបង្ហាញ​ពី​លទ្ធភាព​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ធុរកិច្ច​និង​វិនិយោគ រវាង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​អ៊ី​ន​ឆុន ជាមួយនឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ភ្នំពេញ​និង​ក្រុងព្រះសីហនុ​ខណៈ​លោក​ទទួល​ជួបពិភាក្សា​ការងារ​និង​ពិសា​របាយ​សាមគ្គី​ជាមួយ​បណ្ដា​ឯកអគ្គ​រាជ-រដ្ឋទូត​អាស៊ាន និង​អភិបាល​ទីក្រុង​អ៊ី​ន​ឆុន (Incheon) ជាទី​ក្រុងមាន​សម្ព័ន្ធមេត្រី​ភាព​ជាមួយ​រាជធានី​ភ្នំពេញ និង​ជាទី​ក្រុង​ធំ​លំដាប់​ទី 3 របស់​ប្រទេស​កូរ៉េ ។

ឯកឧត្តម ឡុង ឌី​ម៉​ង ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​សាធារណៈរដ្ឋ​កូរ៉េ បាន​សរសេរ​នៅលើ​គេហទំព័រ​ហ្វេ​ស​បុក​ផ្លូវកា​របស់លោក​នៅ​ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៩ នេះ ថា “ខ្ញុំ​បានលើកឡើង​អំពី​លទ្ធភាព​ក្នុង​ការចុះ​អនុស្សារណៈ​យោគយល់​គ្នា​ដើម្បី​សហប្រតិបត្តិការ​លើ​វិស័យ​ធុរកិច្ច​និង​វិនិយោគ រវាង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​អ៊ី​ន​ឆុន ជាមួយនឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ភ្នំពេញ​និង​ក្រុងព្រះសីហនុ ហើយ​ដែល​ស្ថានទូត​កម្ពុជា​ត្រៀម​គ្រប់​លក្ខណៈសម្បត្តិ​គ្រប់យ៉ាង ដើម្បី​សម្របសម្រួល​ធ្វើយ៉ាងណា​ឲ្យ​កិច្ចសហប្រតិបត្តិការ​នេះ​ក្លាយជា​ប្រយោជន៍ សំរាប់​ប្រទេស​យើង​ទាំងពីរ ហើយ​ដែល​ភាគី​កូរ៉េ​បាន​សាទរ​យ៉ាងខ្លាំង។

ឯកឧត្តម​បន្តថា “ពួកយើង​បានឃើញ​ពី​សារៈសំខាន់​នៃ​គោលនយោបាយ​អនុគ្រោះផ្សេងៗដើម្បី​ទាក់ទាញ​វិនិយោគទុន​បរទេស ដូចជា​រដ្ឋ​វិនិយោគ​យ៉ាងច្រើន​ទៅលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់​ភាពអនុគ្រោះ​លើ​វិស័យ​ពន្ធដារ ការបង្កើត​ទីក្រុង​ឆ្លាត​វៃ ក៏ដូចជា​ភាពអនុគ្រោះផ្សេងៗទៀត​ដែល​អ៊ី​ន​ឆុន​មានប្រៀប​ខ្លាំង​លើ​វិស័យ​ដឹកជញ្ជូន ទាំង​ផ្លូវគោក ទឹក និង​អាកាស។

អាស៊ាន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​លំដាប់​ទី 3 របស់​កូរ៉េ​បន្ទាប់ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប៕