ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង៖ ឆ្នាំវប្បធម៌-ទេសចរណ៍កម្ពុជា-ចិន នឹងធ្វើឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការវប្បធម៌-ទេសចរណ៍ប្រទេសទាំងពីរកាន់តែរីកចម្រើន និងស៊ីជម្រៅ


(ភ្នំពេញ)៖ ថ្លែងនៅមុខរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា ឆ្នាំវប្បធម៌-ទេសចរណ៍ កម្ពុជា-ចិន នាឆ្នាំ២០១៩នេះ នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវប្បធម៌-ទេសចរណ៍កម្ពុជា-ចិន កាន់តែរីកចម្រើន និងស៊ីជម្រៅ ថែមទៀតនាពេលអនាគត ចាប់ពីពេលនេះ»។

ការលើកឡើងបែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងនៅព្រលប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា កម្ពុជា-ចិន នៅសណ្ឋាគារ សុខា ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរ។

អតីតប្រមុខការទូតកម្ពុជារូបនេះបានថ្លែងយ៉ាងដូច្នេះ៖ «ឆ្នាំវប្បធម៌-ទេសចរណ៍ កម្ពុជា-ចិន នាឆ្នាំ២០១៩នេះ នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវប្បធម៌-ទេសចរណ៍កម្ពុជា-ចិន កាន់តែរីកចម្រើន និងស៊ីជម្រៅ ថែមទៀតនាពេលអនាគត ចាប់ពីពេលនេះ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងបន្ថែមទៀតថា «តាងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុងពិធីសម្ពោធទិវា ឆ្នាំវប្បធម៌-ទេសចរណ៍ កម្ពុជា-ចិន ដែលជាកម្មវិធីដ៏អធិកអធម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស័យវប្បធម៌ និងទេសចរណ៍។ នៅឆ្នាំ២០១៨កន្លងទៅ កម្ពុជានិងចិន បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦០នៃការ បង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលមានសកម្មភាពវប្បធម៌ និងសកម្មភាពផ្សេងៗទៀតជាច្រើន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នេះ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបន្ថែមទៀតថា នៅក្នុងរយៈពេល៦០ឆ្នាំនេះ ប្រទេសយើងទាំងពីរ បានជួយគាំទ្រគ្នាទៅវិញទៅមកលើគ្រប់រូបភាព ដើម្បីរក្សាសន្តិភាព ការអភិវឌ្ឍ និងការរីកចំរើនលើគ្រប់វិស័យដែលមានផលប្រយោជន៍ ដ៏ធំធេងសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ ក៏ដូចជាការរួមចំណែកកសាងសន្តិភាព និងវឌ្ឍនភាពក្នុងតំបន់។ កន្លងមក កម្ពុជានិងចិនបានធ្វើការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ដឹកនាំកំពូល និងថ្នាក់ដឹកនាំផ្សេងទៀតជាច្រើន ដើម្បីពង្រីកពង្រឹងមិត្តភាពដ៏យូរលង់ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជន និងប្រទេសយើងទាំងពីរ។

ជាក់ស្តែង ដំណើរទស្សនៈកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប៉ុន្មានថ្ងៃមុននេះនៅប្រទេសចិន បានទទួលលទ្ធផលដ៏ធំធេង ក្នុងការពង្រីក ពង្រឹងមិត្តភាពយ៉ាងកក់ក្ដៅ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានផ្លែផ្កា រវាងប្រទេសយើងទាំងពីរ ហើយ «ឆ្នាំវប្បធម៌-ទេសចរណ៍កម្ពុជា-ចិន»ឆ្នាំ២០១៩នេះ ក៏ជាលទ្ធផលនៃការឯកភាពរវាងសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិត ចិន។ ដោយនៅក្នុងឱកាសទស្សនកិច្ចនេះដែរលោក Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិនបានប្រកាសផ្ដល់ជំនួយដល់កម្ពុជា ចំនួន៤.០០០លានយ័ន និងទិញអង្ករពីកម្ពុជា ចំនួន៤០ម៉ឺនតោន ក្នុងឆ្នាំ២០១៩នេះ រួមទាំងការប្ដេជ្ញាការពារមិនឲ្យមានបដិវត្ដន៍ពណ៌ និងការការពារសុខសន្ដិភាពនៅក្នុងតំបន់។

ទន្ទឹមនឹងនេះដែរ វិស័យទេសចរណ៍កម្ពុជាមានសក្ដានុពលធំធេងណាស់ ដែលមានប្រាសាទជាង១០០០សមនឹងកិត្តិនាមជា «ព្រះរាជាណាចក្រអច្ឆរិយៈ» រួមទាំងសម្បត្តិវប្បធម៌អរូបីយ និងតំបន់អេកូ-ទេសចរណ៍សម្បូរបែប។ រដ្ឋាភិបាលចិនក៏បានរួមចំណែកយ៉ាងធំធេង ជួយជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ ជាអាទិ៍ ជួសជុលប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ និងបន្ដជួយជួសជុលប្រាសាទបុរាណផ្សេងៗ ទៀត ជាពិសេសប្រាសាទព្រះវិហារ។ សម្បត្តិវប្បធម៌ទាំងអស់នេះរបស់កម្ពុជាជាប្រភពកាត់មិនដាច់ពីការ រីកចម្រើនអត់ឈប់ឈរនៃទេសចរណ៍កម្ពុជា។
ជាក់ស្តែងកាលពីឆ្នាំ២០១៨កន្លងមក យើងទទួលបានទេសចរអន្តរជាតិប្រមាណ៦.២លាននាក់ ដែលក្នុងនោះទេសចរចិនប្រមាណ១.៩លាននាក់ ស្ថិតក្នុងលំដាប់លេខ១ ទាំងក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨។ កម្ពុជាសង្ឃឹមថា នឹងទទួលបានទេសចរចិនប្រមាណ៣លាននាក់ នៅឆ្នាំ២០២០ ហើយនឹងកើន ដល់៥លាននាក់ នៅឆ្នាំ២០២៥ និងប្រមាណ៨លាននាក់នៅឆ្នាំ២០៣០។ ការកើនឡើងនៃទេសចរចិនមកទស្សនាកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ ក៏ដោយសារមានការហោះហើរត្រង់ពីចិនមកកម្ពុជា ដោយក្រុមហ៊ុនអាកាសចរចិនចំនួន១២ ដែលក្នុងមួយអាទិត្យមានការហោះហើរមកកម្ពុជាចំនួន២០៧ជើង សរុបក្នុងមួយឆ្នាំមាន១៥០៤ជើង ព្រមទាំងថ្មីៗនេះមានការហោះហើរត្រង់ពីប៉េកាំងមកភ្នំពេញ ផងដែរ៕