រដ្ឋបាលខេត្ត និងធនាគារពិភពលោក រៀបចំសិក្ខាសាលា​ ពិនិត្យ​ និង ពិភាក្សាលេីលទ្ធផល ​គម្រោង​លេីកកម្ពស់ការគ្រប់គ្រងភក់លាមកក្នុងក្រុងសៀមរាប​


នៅរសៀល​ថ្ងៃពុធ​ ១០រោច​ ខែ​បុស្ស​ ឆ្នាំច​សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ​២០១៩​ រដ្ឋបាលខេត្តសៀមរាប​ បានដឹកនាំមន្ទីរ-អង្គភាព​ពាក់ព័ន្ធ​ក្នុងខេត្ត​ ពិសេស​មន្ទីរ​សាធារណការ​ និងដឹកជញ្ជូន​ បានរៀបចំ​សិក្ខាសាលា​ពិគ្រោះយោបល់​ ដេីម្បីពិនិត្យ​ និង ពិភាក្សាលេីលទ្ធផលអំពី​ “គម្រោង​លេីកកម្ពស់ការគ្រ់គ្រងភក់លាមកក្នុងក្រុងសៀមរាប​ (Improving Fecal Sludge Management of Siem Reap City) ក្រោមអធិបតីភាព​ លោក​ ពិន​ ប្រាកដ​ អភិបាលរង​ នៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និងលោក​ ចៅ​ សុភៈភិបាល​ ប្រធាន​នាយក​ដ្ឋាន​សំណង់​ប្រព័ន្ធ​ចម្រោះ​ទឹកកខ្វក់​ តំណាង​ ឯកឧត្តម​ ហេង​ រ័ត្នពិសិដ្ឋ​ អគ្គនាយក​ ​នៃអគ្គនាយកដ្ឋានសាធារណការ​ លោក​ កូវ​ ភិរម្យតំណាង​ធនាគារ​ពិភពលោក​ World​ Bank និងអស់លោក​ លោកស្រី​ តំណាង​មន្ទីរ​-អង្គភាព​ ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ សរុបចំនួន​ ២៥នាក់។

​គម្រោង​នេះសិក្សាដោយ​ក្រុម​ហ៊ុន​ជំនាញមកពី​ IPE Global ដែល​បានការឧបត្ថមពីវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល​(GGGI)​ និងការសម្របសម្រួលដោយនាយកដ្ឋានសំណង់ប្រព័ន្ធ​ចម្រោះ​ទឹកកខ្វក់​ នៃក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បានកំពុងធ្វេីការសិក្សា​ និងវិភាគ​អំពីលទ្ធភាព​ នៃការលេីកកម្ពស់ការគ្រប់គ្រងភក់លាមក​ រួមមានការកែរលម្អអាងស៊ិបទិច​ និងការពង្រឹងអាជីវកម្មសេវាគ្រប់គ្រងភក់លាមក​ ចាប់ពីការតភ្ជាប់បណ្ដាញលូខ្នែងនៅតំបន់មួយចំនួន​សេវាបូមលូ​ សេវាដឹកជញ្ជូន​កាកសំណល់​ និងសេវាធ្វេីប្រព្រឹត្តកម្មខ្នាតតូច។

លទ្ធផល​ពីការសិក្សានេះនឹងធ្វេីជាមូលដ្នាន​ ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងសៀមរាប​ និងឆ្លុះបញ្ចាំងទៅនឹងស្ថានភាពជាក់ស្ដែង​ដែលមានការអភិវឌ្ឍន៍លេីគ្រប់វិស័យក្នុងប្រទេសកម្ពុជា។