ឯកឧត្តម ឃួង ស្រេង ជំរុញឲ្យអភិបាលខណ្ឌទាំង១២ និងមន្ទីរសាធារណការ បន្តពិនិត្យផ្លូវជង្ហុក និងសំបុកមាន់ ដើម្បីជួសជុល


អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យអភិបាលខណ្ឌទាំង១២ និងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បន្តចុះពិនិត្យមើលផ្លូវជង្ហុក សំបុកមាន់ និងចុះជួសជុលជាបន្ទាន់ ខណៈខណ្ឌចំនួន៤ នៅកណ្តាលក្រុងជួសជុលលុបបំបាត់បានប្រមាណ៩០ភាគរយហើយនោះ ដើម្បីសម្រួលចរាចរដល់បងប្អូនប្រជាពលរដ្ឋ និងដើម្បីទប់ស្កាត់ ការខូចខាតធ្ងន់ធ្ងរ និងកាត់បន្ថយការចំណាយថវិកាជាតិផងដែរ។

ការជំរុញបែបនេះរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ ក្នុងកិច្ចប្រជុំពិភាក្សាបញ្ពាក់ព័ន្ធរឿងជួសជុលផ្លូវសំបុកមាន់នៅក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១២ និងមន្ទីរជំនាញចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនោះឯកឧត្តម ឃួង ស្រេង បានណែនាំដល់អភិបាលខណ្ឌទាំង១២ ត្រូវចុះមើលផ្លូវជាប្រចាំ និងធ្វើការជួសជុលផ្លូវ បន្ទាប់ពីផ្លូវបានខូចខាត ក្រោយរដូវវស្សាកន្លងផុតទៅនេះ ពោលគឺបើផ្លូវ ណាដែលខណ្ឌមិនមានលទ្ធភាពជួសជុល ខណ្ឌត្រូវធ្វើរបាយការណ៍ឡើងមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយជាបន្ទាន់។ ដោយឡែក មន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវចូលរួមត្រូតពិនិត្យជាប្រចាំផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា គោលបំណង នៃការចុះពិនិត្យ និងជួសជុលផ្លូវខូច ជង្ហុកសំបុកមាន់នេះ ដើម្បីបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរ និងចូលរួមកាត់បន្ថយការចំណាយការចំណាយ ថវិកាជាតិ និងជាការទប់ស្កាត់កុំអោយមានការខូចខាតដល់គ្រឹះខាងក្រោមផ្លូវផងដែរ។

ជាមួយគ្នានេះឯកឧត្តម ឃួង ស្រេង ក៏បានស្តីបន្ទោសដល់អាជ្ញាធរខណ្ឌ-សង្កាត់ ដែលអនុញ្ញាតឲ្យរថយន្តដឹកដី ដឹកខ្សាច់ បំផ្លាញផ្លូវ តែមិនចេះហៅម្ចាស់រថយន្តដឹកដី ដឹកខ្សាច់ទាំងនោះ អោយចូលរួមធ្វើការជួសជុលផ្លូវ ដោយសារតែរថយន្តដឹកធ្ងន់នេះហើយ ដែលបណ្តាលឲ្យមានការខូចខាតផ្លូវជាទម្ងន់នោះ។

ពាក់ព័ន្ធនឹងការជួសជុលផ្លូវខាងលើនេះ ឯកឧត្តម សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ការជួសជុលផ្លូវខូច ជង្ហុកសំបុកមាន់ ខណ្ឌ៤ក្នុងក្រុង មានខណ្ឌ៧មករា ចំការមន ដូនពេញ និងខណ្ឌទួលគោក គឺជួសជុលបាន៩២%ហើយ រហូតមកដល់ចុងខែមករានេះ ចំណែកខណ្ឌ៨ផ្សេងទៀត គឺជួសជុលបានតែ៣០%ទេ ដោយសារផ្លូវភាគច្រើន ជាផ្លូវបេតុង ដែលត្រូវចំណាយពេល និងថវិកាទំហំធំ។

ឯកឧត្តមប្រធានមន្ទីរ បានលើកឡើងថា រហូតដល់ចុងខែមករានេះនៅសល់ផ្លូវចំនួន១៤០ខែ្សទៀត មិនទាន់បានជួសជុល ប៉ុន្តែទោះបីជាយ៉ាងណាក្តី នឹងធ្វើឲ្យបានរួចរាល់ ក្នុងរយះពេល៤សប្តាហ៍ បន្ទាប់ពីចូលឆ្នាំចិន-វៀតណាមរួច៕