នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យនគរបាលត្រូវ​ប្រចាំការ២៤ម៉ោង ទាំងយប់​ ទាំងថ្ងៃ ដើម្បីចាំទទួលព័ត៌មានពីប្រជាពលរដ្ឋ


(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត​ សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យកម្លាំងនគរបាលខេត្ត ស្រុក ក្រុង ឃុំសង្កាត់ ជាពិសេសតាមបណ្តាប៉ុស្តិ៍ទាំងអស់ ត្រូវបើកទ្វារ​ មានអ្នកប្រចាំការឲ្យបាន២៤ម៉ោង ​លើ២៤ម៉ោងទាំងយប់​ ទាំងថ្ងៃ ដើម្បីចាំទទួលព័ត៌មានពីប្រជាពលរដ្ឋ ដើម្បីដោះស្រាយ និងអន្តរាគមន៍ភ្លាមៗ។

ការណែនាំនេះ ខណៈនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ​នេត សាវឿន​ ​តំណាងសម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានប្រកាសផ្ទេរមុខតំណែង ស្នងការនគរបាលខេត្តប៉ៃលិន ដោយលោក​ឧត្តមសេនីយ៍ទោ​ ជា​ ចាន់ឌិន ​ត្រូវចូលនិវត្តន៍​ជំនួសលោកឧត្តមសេនីយ៍ទោ​ សេង​ ​សុគន្ធ​ជាស្នងការខេត្តប៉ៃលិនវិញ។

​លោកឧត្តមសេនីយ៍ទោ ជា​ ចាន់ឌិន បានសូមទោសដល់កងកម្លាំងនគរបាលទាំងអស់ ក្រោមការដឹកនាំរបស់លោកដែលមានពាក្យសម្តីលើសលោះណាមួយ ដែលប៉ះពាល់ទាំងចេតនា និងអចេតនាព្រោះជាបទបញ្ជាដែលម្រូវឲ្យអនុវត្តន៍ ហើយការអនវត្តតែមានការតឹងតែង និងធូរខ្លះ​។ សូមឲ្យកងកម្លាំងទាំងអស់បន្តសហការល្អ និងស្តាប់បទបញ្ជាថ្នាក់លើបន្ថែមទៀត ដើម្បីឲ្យបានរឹងមាំបន្ថែមទៀត ជូនជាតិមាតុភូមិ។

​បន្ទាប់មកលោកឧត្តមសេនីយ៍ទោ​ សេង​ ​សុគន្ធ​ ជាស្នងការនគរបាលខេត្តប៉ៃលិនថ្មី បានប្តេជ្ញាអនុវត្តការងារ និងអនុវត្តតាមផែនការថ្នាក់ដឹកនាំជាពិសេសនាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ នេត សាវឿន និងសម្តេចក្រឡាហោម​ ស​ ខេង លើការងារក្នុងមូលដ្ឋាន និងអនុវត្តតាមគណ:បញ្ជាការឯកភាពខេត្ត ព្រមទាំងចុះដល់មូលដ្ឋានដើម្បីសំដៅរក្សាឲ្យបានសន្តិសុខ​ សណ្តាប់ធ្នាប់សុវត្តិភាព​ជួនជាតិ និងពលរដ្ឋ។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំដល់ថ្នាក់ក្រោម ត្រូវស្វែងយល់ និងគោរពថ្នាក់លើរបស់ខ្លួន ទាំងអស់នេះហើយ សម្រាប់សម្រួលដល់ការងារឲ្យបានជោគជ័យ និងដំណើរការងារដោយរលូន។ នាយឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើបន្ថែមដល់លោកស្នងការរងទទួលផែនទាំងអស់ ចាប់ពីថ្ងៃនេះតទៅ ត្រូវតែបន្ដរក្សាសាមគ្គីភាពផ្ទៃក្នុង ដើម្បីពង្រឹង និងបង្កើតសមត្ថភាពរបស់មន្ដ្រីទាំងអស់ មិនត្រូវប្រកាន់បក្ខពួក ឬក្រុមណាឡើយ គឺត្រូវធ្វើការងាររួមគ្នា ជូនប្រជាពលរដ្ឋឲ្យស្របតាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន៕