ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានថ្លែងប្រាប់ថា៖បុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងខាងមុខនេះ ជាឱកាសតាំងពិព័រណ៍ផលិតផលក្នុងស្រុកដ៏ធំ


(កំពង់ឆ្នាំង)៖ ក្រោយបញ្ចប់កិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៥ ជាមួយអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន រួចមក ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់ថា ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង ខាងមុខនេះ គឺជាឱកាសដ៏ធំមួយក្នុងការរៀបចំតាំងពិព័រណ៍ផលិតផលក្នុងស្រុក ពិសេសផលិតផលកសិកម្ម សិប្បកម្ម និងទេសចរណ៍។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៥ រួចមកហើយ ដែលព្រឹត្តិការណ៍ទេសចរណ៍ប្រចាំឆ្នាំនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៥-១៦-១៧ ខែមីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍»។

ដើម្បីត្រៀមរៀបចំពិធីបុណ្យឱ្យមានភាពអធិកអធ័ម ក្រសួងទេសចរណ៍ រួមទាំងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានជួបប្រជុំជាមួយគ្នាជាបន្តបន្ទាប់ចំនួន ៣លើក មកហើយ ហើយលើកទី៣នេះ គឺបានប្រព្រឹត្តទៅនាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ឆ្នាំង។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ក្រោមការខិតខំរបស់ខេត្តកំពង់ឆ្នាំង ការងារធំៗមួយចំនួនសម្រេចបានពាក់កណ្ដាលហើយ ខណៈការងារដែលសេសសល់ទាំងប៉ុន្មាន ក្រុមការងារអន្តរក្រសួងកំពុងបន្តអនុវត្តជារៀងរាល់ថ្ងៃ សំដៅធ្វើយ៉ាងណាឱ្យខេត្តកំពង់ឆ្នាំមានសោភ័ណភាពប្រកបដោយភាពទាក់ទាញ មានសន្តិសុខ សណ្ដាប់ធ្លាប់ល្អ និងផ្ដល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «យើងបានឯកភាពគ្នាហើយថា យើងយកឱកាសនេះ ដើម្បីបង្ហាញនូវកម្លាំងសាច់ដុំរបស់យើង អំពីផលិតផលក្នុងស្រុក មានផលិតផលកសិកម្ម សិប្បកម្ម និងបង្ហាញពីសក្តានុពលទេសចរណ៍ក្នុងខេត្តកំពង់ឆ្នាំង ដែលខេត្តមួយមានរមណីយដ្ឋានទេសចរណ៍ច្រើន មានកន្លែងកម្សាន្តច្រើន ហើយជាខេត្តដែលមានសក្តានុពលខាងផ្នែកកសិកម្ម»។

ឯកឧត្តមថា ក្នុងចំណោមស្ដង់ពិព័រណ៍ទាំងអស់ ដែលនឹងតាំងបង្ហាញក្នុងពិធីបុណ្យទន្លេខាងមុខ ស្ដង់ពិព័រណ៍ប្រមាណ ២ភាគ៣ នឹងត្រូវទុកសម្រាប់តាំងពិព័រណ៍ផលិតផលក្នុងស្រុក ដែលនេះជាការផ្ដល់អាទិភាពសម្រាប់ផលិតផលក្នុងស្រុករបស់កម្ពុជា ខណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងខិតខំរៀបចំគោលនយោបាយពិសេស ដើម្បីជំរុញឱ្យផលិតផលទេសចរណ៍ក្នុងស្រុកឱ្យកាន់តែខ្លាំង។

ចំពោះការតាំងពិព័រណ៍ផលិតផលទេសចរណ៍នេះទៀតសោត លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា គណៈកម្មការអន្តរក្រសួង ក៏នឹងអញ្ជើញខេត្តនៅជុំវិញមកចូលរួមតាំងបង្ហាញពីលិតផលទេសចរណ៍របស់ខ្លួនផងដែរ ដូចជា ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានបញ្ជាក់ដែរថា នៅក្នុងក្រុងកំពង់ឆ្នាំងមានវត្តអារាមដល់ទៅ ១២វត្ត ឯណោះ។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាលោកអភិបាលខេត្ត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងក្រុង រៀបចំគេហដ្ឋានរបស់ខ្លួន និងសេវាម្ហូបអាហារ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ដែលមកលេងពិធីបុណ្យទន្លេខាងផងដែរ។ ត្រង់ចំណុចនេះ គណៈអធិបតីទាំងពីរ បានបញ្ជាក់ហើយថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលចង់មកទស្សនាកម្សាន្តក្នុងពិធីបុណ្យទន្លេ មិនចាំបាច់មានការព្រួយបារម្ភពីកន្លែងស្នាក់នៅ និងម្ហូបអាហារសម្រាប់ហូបចុកឡើយ។

ជាការពិតណាស់ បើទោះជាពិធីបុណ្យទន្លេ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃខាងមុខក៏ពិតមែន ប៉ុន្តែភ្ញៀវទេសចរមួយចំនួនក៏មិនមែនទៅ ឬមកទស្សនាពិធីបុណ្យនេះទាំង៣ថ្ងៃនោះទេ ពួកគាត់តែងឈៀងទៅទស្សនារមណីយដ្ឋានទេសចរណ៍ដទៃទៀត ដែលនៅជិតៗនោះ។

ត្រង់ចំណុចនេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានខិតខំរៀបចំកន្លែងកម្សាន្តនានា នៅក្នុងក្រុងកំពង់ឆ្នាំង ហើយបាននិងកំពុងរៀបចំរមណីដ្ឋានទេសចរណ៍នានានៅជុំវិញខេត្ត ដើម្បីត្រៀមទទួលវត្តមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅអំឡុងពេលពិធីបុណ្យទន្លេនោះ៕