ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារំាងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃច័ន្ទ ១៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារំាងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេស រួមទាំងប្រធានបទផ្សេងៗទៀត។

មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងអំណរអរគុណជូនចំពោះរដ្ឋាភិបាលបារាំង ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាជារួម និងដោយឡែកការអភិវឌ្ឍវិស័យកសិកម្ម។ ជំនួយឧបត្ថម្ភទាំងហិរញ្ញវត្ថុ និងបច្ចេកទេសរបស់រដ្ឋាភិបាលបារាំងបានចូលរួមចំណែកធ្វើឱ្យវិស័យកសិកម្មមានការរីកចម្រើន គួរឱ្យមោទនភាព ហើយឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថារដ្ឋាភិបាលបារាំងនឹងបន្តជួយអភិវឌ្ឍវិស័យកសិកម្មបន្ថែមទៀត ជាពិសេសដល់វិស័យកៅស៊ូគ្រួសារឱ្យកាន់តែមានការរីកចម្រើនសមស្របតាមនិន្នាការរីកចម្រើនផ្នែកសេដ្ឋកិច្ច កំណើនប្រជាជន និងការប្រកួតប្រជែងទីផ្សារ។

នាឱកាសនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងពីចំណាប់អារម្មណ៍របស់លោកជំទាវទាក់ទងនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសការរីកចម្រើនលើវិស័យកសិកម្ម ដែលបានចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ កែលម្អកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។ លោកជំទាវបានបន្តថា ជំនួបនាពេលនេះ គឺជាឱកាសនៃការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ល្អៗ និងធ្វើការសិក្សា លើកទិសដៅបន្តអនុវត្តគម្រោងដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម។ ទោះជាយ៉ាងណា លោកជំទាវថានឹងខិតខំផ្តល់កិច្ចសហការបន្ថែមទៀតជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាងណាអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឱ្យមានការរីកចម្រើនសមស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

នាឱកាសនេះដែរភាគីទាំងពីរក៏បានលើកយកប្រធានបទសំខាន់ៗមកពិភាក្សាផងដែរជាអាទិ៍÷ ទី១. ការអភិវឌ្ឍវិស័យកៅស៊ូគ្រួសារ ទី២. ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋរចនាសម្ព័ន្ធគាំទ្រដល់វិស័យស្រូវ អង្កកម្ពុជា ទី៣.ការលើកកម្ពស់ផលិតភាពផលិតកម្មកសិកម្ម ការកែច្នៃ ការវេចខ្ចប់ ការធានាគុណភាព សុវត្ថិភាព អនាម័យ និងភូតគាមអនាម័យ (SPS) ឆ្លើយតបតាមនិយាមក្នុងតំបន់ និងនៅលើពិភពលោក ទី៤.ការលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ដីកសិកម្មឱ្យមាននិរន្តរភាព និងទី៥. វិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនជ្រូកអាហ្វិច (African Swine Fever)។