ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលដឹកនាំលោកស្រី Sunniya Durrani-Jamal នាយកប្រចាំកម្ពុជា


ថ្ងៃអង្គារ ១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារ ជាមួយក្រុមបេសកកម្មនៃកម្មវិធីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយលោកស្រី Sunniya Durrani-Jamal នាយកប្រចាំកម្ពុជា។

គោលបំណងនៃជំនួបនេះគឺដើម្បីពិភាក្សា និងពិនិត្យឡើងវិញអំពីការអនុវត្តគម្រោងកំពុងបន្ត និងកម្មវិធី នាពេលអនាគត ដែលពាក់ព័ន្ធនឹងក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកស្រី Sunniya Durrani-Jamal បានកត់សម្គាល់ថា៖ ក្រុមបេសកកម្មដែលមាននិវេសដ្ឋានប្រចាំ កម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី(CARM) កំពុងដឹកនាំបេសកកម្មនៃកម្មវិធីឆ្នាំ២០១៩ ដើម្បីពិនិត្យ ឡើងវិញ និងបញ្ជាក់ជាមួយរដ្ឋាភិបាលកម្ពុជាអំពីការផ្តល់ជំនួយ និងប្រាក់កម្ចីសម្រាប់២០១៩-២០២២។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីគម្រោងផ្លូវថ្នល់ដែលកំពុងអនុវត្តបន្ត ដើម្បីពង្រីកបណ្តាញផ្លូវ ថ្នល់កម្ពុជាដោយផ្តោតជាសំខាន់លើការធ្វើឱ្យប្រសើរឡើងនូវច្រករបៀងសេដ្ឋកិច្ចរបស់មហាអនុតំបន់ទន្លេមេគង្គ និងការធ្វើសមាហរណកម្មថ្នាក់ជាតិ គម្រោងកាត់បន្ថយការកក់ស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ (ដូចជា៖ ការដាក់ឱ្យដំណើរការកាណូតដឹកអ្នកដំណើរតាមផ្លូវទឹក ការដាក់ឱ្យប្រើប្រាស់រថភ្លើងពីភ្នំពេញទៅព្រលានយន្តហោះ និងគម្រោងសាងសង់ថ្មីរោងចក្រប្រព្រឹត្តិកម្មសំណល់ទឹកកខ្វក់។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនអំពីការធ្វើឱ្យប្រសើរឡើងនូវកំពង់ផែក្រុងភ្នំពេញ និងកំពង់ផែក្រុង ព្រះសីហនុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែផ្លូវទឹក និងធាតុផ្សំសំខាន់ៗនៃផែនការជាតិភស្តុភារកម្ម ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលដើរតួនាទី យ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ីបន្តជួយ គាំទ្រដល់គម្រោងផ្លូវថ្នល់ និងជួយដល់ក្រសួងទាក់ទងនឹងកម្មវិធីត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។