ប្រជាជនប្រមាណ ២៨.០០០ គ្រួសារ នៅក្នុងស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ មានទឹកប្រើប្រាស់គ្រប់គ្រាន់ឡើងវិញ


ទឹកដែលបញ្ជូនមកពីស្រុករតនមណ្ឌល បានចូលមកដល់ទីប្រជុំជនស្រុកមោងឬស្សី ខេត្តបាត់ដំបងហើយ នៅព្រឹកថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ ។ ការបញ្ជូនទឹកនេះ មានចម្ងាយប្រមាណ ១០០ គម ។

ឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណចំពោះឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានចាត់តាំងក្រុមការងារ ចុះអន្តរាគមន៍ បង្វែរទឹកមកកាន់ស្រុកមោងឬស្សី ។ ឯកឧត្តមអភិបាលខេត្តបន្តថា ប្រសិនបើគ្មានកិច្ចអន្តរាគមន៍នេះទេ នោះប្រជាពលរដ្ឋនៅក្នុងស្រុកមោងឬស្សីប្រមាណ ១៥.០០០ គ្រួសារ និងស្រុកគាស់ក្រឡប្រមាណ ១៣.០០០ គ្រួសារ នឹងមិនមានទឹកសម្រាប់ប្រើប្រាស់ទេ ព្រោះប្រភពទឹកនានានៅក្នុងស្រុកមោងឬស្សី បានរីងស្ងួតអស់ទៅហើយ ។

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារអន្តរាគមន៍ ក្នុងការនាំទឹកនេះ បានសំណូមពរចំពោះឯកឧត្តមអភិបាលខេត្ត សូមជួយតាមដាន និងការពារទំនប់បង្វែរទឹកដែលក្រុមការងារបានរៀបចំកន្លងមក កុំឲ្យមានការបំផ្លាញ និងបង្វែរទឹកទៅកន្លែងផ្សេង និងប្រើប្រាស់ក្នុងគោលដៅផ្សេង ព្រោះថា ទឹកដែលក្រុមការងារបញ្ជូនមកពេលនេះ គឺសម្រាប់តែប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកមោងឬស្សី និងស្រុកគាស់ក្រឡ ប៉ុណ្ណោះ ៕