ឯកឧត្តម ប៉ុញ សច្ចៈ បានចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងនៅក្នុងខេត្តកំពង់ឆ្នាំង


ថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង និងមន្ត្រីបច្ចេកទេសមួយចំនួនទៀត បានចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងនៅក្នុងខេត្តកំពង់ឆ្នាំង ។

លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានជម្រាបជូនថា ឯកឧត្តមរដ្ឋលេខាធិការថា ផ្ទៃដីស្រូវប្រាំងខ្វះទឹក ដែលមន្ទីរកំពុងអន្តរាគមន៍បូមទឹកសង្គ្រោះនាពេលនេះ គឺមានសរុបចំនួន ៦០៥ ហិកតា ស្ថិតក្នុងស្រុកបរិបូណ៍ និងស្រុកកំពង់ត្រឡាច ក្នុងនោះមាន ៖
១. ភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៍ ផ្ទៃដីប៉ះពាល់ សរុបចំនួន ២១០ ហិកតា ។ ការអន្តរាគមន៍គឺប្រើប្រាស់ម៉ាស៊ីនបូមទឹកធុនមធ្យម ចំនួន ០១ គ្រឿង ។
២. ភូមិកោះតាម៉ូវ ឃុំមេលំ ស្រុកបរិបូណ៍ ផ្ទៃដីប៉ះពាល់ សរុបចំនួន ១០៧ ហិកតា ។ ការអន្តរាគមន៍គឺប្រើប្រាស់ម៉ាស៊ីនបូមទឹកធុនតូចរបស់សហគមន៍ ចំនួន ០៣ គ្រឿង ដោយមន្ទីរជាអ្នកផ្គត់ផ្គង់ប្រេង ។
៣. ភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ផ្ទៃដីប៉ះពាល់ ចំនួន ២៨៨ ហិកតា ។ ការអន្តរាគមន៍គឺប្រើប្រាស់ម៉ាស៊ីនបូមទឹកធុនមធ្យម ចំនួន ០១ គ្រឿង ។

ដោយពិនិត្យលើស្ថានភាពជាក់ស្តែង នៅក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រៀបចំដំឡើងម៉ាស៊ីនបូមទឹក ចំនួន ០១ គ្រឿង បន្ថែមទៀត នៅចំណុចភូមិស្ទឹងស្ងួត ដើម្បីជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។