ឯកឧត្តម លឹម គានហោ ផ្តល់ថវិកាផ្ទាល់ខ្លួន ១០.០០០ ដុល្លា ដល់សហគមន៍កសិករ កុយម៉ែង


ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ឲ្យតម្លើងម៉ាសុីនបូមទឹក ០២ គ្រឿង នៅចំណុចឃុំកុយម៉ែង ដើម្បីបូមទឹកចេញ ហើយបំផុសឲ្យបងប្អូនប្រជាកសិករនៅតំបន់នោះ ចាប់ផ្តើមបង្កបង្កើនផលស្រូវប្រាំង ។
សូមបញ្ជាក់ជូនថា ដីស្រែនៅឃុំកុយម៉ែង ជាតំបន់ទំនាប ប្រមូលទឹកពីតំបន់ផ្សេងៗ ហើយរហូតដល់ចុងខែវិច្ឆិកា ឬដើមខែធ្នូ ទើបទឹកស្រកផុត និងអាចចាប់ផ្តើមធ្វើស្រែប្រាំងបាន ។ ការធ្វើរបៀបនេះ នាំឲ្យស្រូវប្រឈមនឹងកង្វះខាតទឹករាល់ឆ្នាំ នៅពេលជិតប្រមូលផល ។ ដើម្បីដោះស្រាយការប្រឈមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាឲ្យមន្ទីរតម្លើងម៉ាសុីនបូមទឹកធុនមធ្យម ចំនួន ០២ គ្រឿង បូមទឹកចេញ ហើយបំផុសប្រជាកសិករឲ្យចាប់ផ្តើមការងារស្រូវប្រាំងប្រដេញទឹក ជំនួសឱ្យការធ្វើតាមទម្លាប់ពីមុនមកវិញ ។ ការប្តូរពេលវេលាក្នុងការដាំដុះរបៀបនេះ ស្រូវបងប្អូនប្រជាកសិករនឹងមិនប្រឈមនឹងកង្វះខាតទឹកនាចុងរដូវ ដូចពេលកន្លងមកឡើយ ។
ក្នុងឱកាសនោះផងដែរ ដោយពិនិត្យឃើញថា ប្រជាកសិករដែលនៅម្ខាងនៃភ្លឺប្រឡាយជួបការលំបាក ក្នុងការដឹកជញ្ជូនកសិផល (ព្រោះជាទូទៅភ្លឺប្រឡាយក្រាលគ្រួសក្រហមតែម្ខាង) ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន ១០.០០០ ដុល្លាសហរដ្ឋអាមេរិក ដើម្បីយកទៅរៀបចំភ្លឺប្រឡាយម្ខាងទៀត ឲ្យក្លាយជាផ្លូវលំក្រាលគ្រួសក្រហម ងាយស្រួលដល់ការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាកសិករ ៕

14581524_1318171751558274_6068987876124386928_n

14606252_1318171814891601_6843719772661384494_n

14606556_1318171761558273_8788772082987311006_n

14650626_1318171788224937_7732217738570155290_n

14910432_1318171801558269_3435782899161891092_n