ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ១ខ្នង ៤បន្ទប់ដែលជាអំណោយរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា(Child’s Dream Cambodia ) ជូនដល់សាលាអនុវិទ្យាល័យជប់រំដេង​ ក្នុង​ស្រុកស្វាយលេី​ ខេត្តសៀមរាប​


នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៣កេីត​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវនឹងថ្ងៃទី​០៧​ ខែកុម្ភៈ​ ឆ្នាំ២០១៩ នៅស្រុកស្វាយលេី​ ឃុំកន្ទួត​ មានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នងមាន ៤បន្ទប់ ធ្វើ អំពីថ្ម ប្រក់ក្បឿង ជាអំណោយរបស់អង្គការសម្រចសុបិនកុមារកម្ពុជា​ (Child’s Dream Cambodia )ជូនដល់សាលាអនុវិទ្យាល័យជប់រំដេង​ ស្ថិតនៅភូមិជប់រំដេង​ ឃុំកន្ទួត​ ស្រុកស្វាយលេី​ ខេត្តសៀមរាប ក្រោមអធិបតីភាព​លោក​ ពៅ​ ពិសិដ្ឋ​ អភិបាលរងខេត្ត​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប​ និងមានការអញ្ជេីញចូលរួមពីមន្ទីរ​-អង្គភាព​ សមាជិក​ក្រុម​ប្រឹក្សាស្រុក​ អភិបាលរងស្រុក​ អាជ្ញាធរ​មូលដ្ឋាន​ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ លោក​គ្រូ​ អ្នក​គ្រូ​ សិស្សានុសិស្ស​ និងមាតាបិតាសិស្ស​ សរុបចំនួន​ ២៩០នាក់។

មានប្រសាសន៍សំណេះសំណាលនោះលោក​ពៅ​ ពិសិដ្ឋ​ ក៏បានធ្វើការថ្លែងអំណរគុណ តំណាងអង្គការសម្រេចសុបិនកុមារកម្ពុជា ដែលបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍លើវិស័យអប់រំនៅកម្ពុជា ពិសេសនៅតាមបណ្តាមូលដ្ឋានស្រុកដាច់ស្រយ៉ាលក្នុងខេត្តសៀមរាប ។លោក​អភិបាល​រងខេត្ត​ ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លេីវិស័យអប់រំ​ ពិសេសចំពោះការងារបណ្តុះបណ្តាលធនធានមនុស្ស ក្នុងការឆ្លើយតបវឌ្ឍនភាពនៃប្រទេសជាតិ ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំ គឺជាការពង្រីកបន្ថែមនូវថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត​ ក៏សូមឲ្យលោកគ្រូ អ្នកគ្រូ ត្រូវថែរក្សាអគារសិក្សានេះឲ្យបានគង់វង្ស ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុង មូលដ្ឋានផងដែរ ។ បច្ចុប្បន្ន យើងកសាងប្រព័ន្ធអប់រំមួយមានលក្ខណៈពេញលេញ ដែលអាចឆ្លើយតបបាននឹងតម្រូវការ នៃទីផ្សារនគរូបនីយកម្ម ដែលជាលទ្ធផលកើតចេញពីការគិតគូរត្រូវ លើគោលនយោបាយបើកទូលាយ​ ការស្វាគមន៍ចំពោះការវិនិយោគ នៃវិស័យឯកជន ដើម្បីបំពេញបន្ថែមក្នុងការអភិវឌ្ឍវិស័យអប់រំនេះ ។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត​ ក៏មានសង្ឃឹមជឿជាក់ថា តំណាងអង្គការសម្រចសុបិនកុមារកម្ពុជានឹងនៅតែបន្តក្នុងការចូលរួមអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធលើវិស័យអប់រំនៅខេត្តសៀមរាបបន្តទៀត៕