ចក្ខុវិស័យ​៖​ ​ធនាគារជាតិនៃកម្ពុជា​បន្ត​ពង្រីក​មូលដ្ឋាន​កំណើន​សេដ្ឋកិច្ច​ប្រកប​ ​ដោយ​ចីរភាព​


របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានអះអាងថា ស្ថាប័ននេះនឹងបន្តរួមចំណែករក្សាស្ថិរភាពថ្លៃ ការអភិវឌ្ឍន៍វិស័យធនាគារ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ ដើម្បីគាំទ្រនិងពង្រីកមូលដ្ឋាននៃកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញពីពេលថ្មីៗនេះបានបង្ហាញថា ដើម្បីរួមចំណែករក្សាស្ថិរភាពហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា នឹងគ្រង់គ្រងការផ្គត់ផ្គង់រូបិយវត្ថុឲ្យស្ថិតក្នុងកម្រិតសមស្រប ទៅតាមស្ថានភាពរីកចម្រើននៃសេដ្ឋកិច្ច ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ដើម្បីរួមចំណែកស្ថិរភាពថ្លៃ និងជំនឿទុកចិត្តរបស់អតិថិជន ការបន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមយន្តការទីផ្សារ និងការជម្រុញអភិវឌ្ឍន៍ទីផ្សារអន្តរធនាគារ និងឧបករណ៍គោលនយោបាយហិរញ្ញវត្ថុ ដើម្បីចូលរួមលើកកម្ពស់គោលនយោយហិរញ្ញវត្ថុ។

របាយការណ៍ដដែលបានឲ្យដឹងថា ទស្សនវិស័យអនាគតរបស់ធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០១៩នេះសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងអាចសម្រេចបានក្នុងរង្វង់៧% ជាមួយអត្រាអតិផរណាទាប២,៦ភាគរយ នឹងមានស្ថិរភាពអត្រាប្តូរប្រាក់ក្នុងរង្វង់៤០៥០រៀល ក្នុងមួយដុល្លាអាមេរិក។ ចំពោះការរំពឹងទុកនេះ គឺពឹងផ្អែកទៅលើកត្តាអំណោយផលទាំងខាងក្រៅ និងខាងក្នុង ទៅបើសេដ្ឋកិច្ចកម្ពុជាប្រឈមនឹងហានិភ័យមួយចំនួន ដែលអាចទាញឲ្យកំណើនសេដ្ឋកិច្ចថមថយយ៉ាងណាក៏ដោយ។

ធនាគារជាតិនៃកម្ពុជាបានអះអាងថា កំណើនសេដ្ឋកិច្ចពិភពលោកអាចបន្តសម្រេ​ចបាន៣,៧ភាគរយដូចឆ្នាំ២០១៨ ដែលនឹងរួមចំណែកគាំទ្រការវិនិយោគ ការនាំចេញ និងវិស័យទេចរណ៍កម្ពុជា នឹងមានលទ្ធភាពបម្លាស់ទីមូលដ្ឋានផលិតកម្ម ពីប្រទេសចិនមកកម្ពុជា ប្រសិនបើមានភាពតានតឹង ផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនអូសបន្លាយ ដែលជម្រុញឲ្យមានការកើនឡើង នៃសមាមាត្រវិនិយោគផ្ទាល់ពីបរទេសពីវិស័យផ្សេងៗក្រៅពីសំណង់ និងអចលនទ្រព្យ រួមជាមួយការកើនឡើងនៃពិពិធកម្មផលិតផលនាំចេញ ពិសេសនៅក្នុងវិស័យកម្មន្តសាលជាដើម។

ចំណែកកត្តាអំណោយផលផ្នែកខាងក្នុងវិញ កម្ពុជានឹងរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាមូលដ្ឋានគ្រឹះសម្រាប់បន្តអភិ​វ ឌ្ឍន៍សេដ្ឋកិច្ច ការរីកចម្រើននៃវិស័យធនាគារ ប្រកបដោយភាពរឹងមាំនិង បរិយាប័ន្ន ការបន្តរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ ដែលជួយសម្រួល និងកាត់បន្ថយចំណាយការធ្វើដំណើរ នឹងដឹកជញ្ជូន ហើយការអនុត្តន៍ការពង្រឹកថវិកា ក្រោមក្របខណ្ឌតម្លាភាពនឹងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការវិនិយោគសាធារណៈ ព្រមទាំងបន្តបានជាផ្លៃផ្កានៃកំណែទម្រង់ស៊ីជម្រៅ ដែលនឹងធ្វើឲ្យធនាគារជាតិនៃកម្ពុជា នឹងបន្តរួមចំណែករក្សាស្ថិរភាពថ្លៃ ការអភិវឌ្ឍន៍វិស័យធនាគារ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ ដើម្បីគាំទ្រនិងពង្រីកមូលដ្ឋាននៃកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តចតុកោ​ណដំណាក់កាលទី៤៕