ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹក នាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់(IRITWG)


ថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ ទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹក នាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់(IRITWG) ដោយ មានការចូលរួមពីដៃគូអភិវឌ្ឍន៍ តំណាងទីភ្នាក់ងារ JICA និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើបទបង្ហាញពីបច្ចុប្បន្នភាពនៃគម្រោងកំពុងសាងសង់ និងគម្រោងនាពេលអនាគតនៅកម្ពុជា។

កិច្ចប្រជុំនេះរៀបចំឡើងមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការប្រើ ប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព កិច្ចសម្របសម្រួល និងការចែករំលែកព័ត៌មាន ដោយមានការ ចូលរួមធ្វើបទបង្ហាញពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការនិងដឹកជញ្ជូន រដ្ឋលេខា ធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងរ៉ែនិងថាមពល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទីភ្នាក់ងារJICA និងតំណាងដៃគូ អភិវឌ្ឍន៍នានា។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគម្រោងសម្រេចបាន និងកំពុងបន្តសំខាន់ៗ ដែលក្នុងនោះ រួមមាន៖ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបររថយន្តធុនធ្ងន់ យុទ្ធនាការ ជិះកង់មើលផ្លូវ គម្រោងពង្រីកនិងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ជាតិលេខ៥ ផ្លូវជាតិលេខ៦ពីខេត្តសៀមរាបទៅប៉ោយប៉ែត ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ៥៥ពោធិ៍សាត់ទៅថ្មដា ផ្លូវក្រវាត់ក្រុងទី៣ និងគម្រោងផ្លូវពីបាត់ដំបងទៅកោះកុងប្រវែង១៩៧គីឡូម៉ែត្រដែលគ្រោងបើកការដ្ឋាននៅឆ្នាំនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីគម្រោងសាងសង់ផ្លូវរថភ្លើងលើអាកាស(AGT) ប្រព័ន្ធដឹកជញ្ជូនដោយប្រើផ្លូវដែក(Tramways) និងគម្រោងសាកល្បងស្មាតស៊ីធីដែលប្រកបដោយ បរិស្ថានស្រស់ស្អាត និងផាសុកភាព និងគម្រោងសាងសង់ផែកុងតេន័រថ្មីមួយប្រវែង៣៥០ម៉ែត្រ និង ជម្រៅ១៤,៥ម៉ែត្រ ដែលអនុញ្ញាតឱ្យប្រភេទនាវាធំៗ៩៣%លើពិភពលោកអាចប្រើប្រាស់សេវាកំពង់ផែនេះបាន ពេលសាងសង់ចប់។

បន្ថែមពីលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំថា៖ នាពេលថ្មីៗ កន្លងទៅនេះ ក្រសួងបានដាក់ឱ្យដំណើរការកម្មវិធីថែទាំផ្លូវ ROAD CARE Mobile App ដែលអនុញ្ញាត ឱ្យប្រជាពលរដ្ឋថតរូបភាពជង្ហុកសំបុកមាន់ផ្ញើមកកាន់ក្រុមការងារក្រសួងចុះទៅជួសជុល បានទាន់ពេល វេលា បង្ការកុំឱ្យខូចរាលដាលកាន់តែធំ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យដៃគូអភិវឌ្ឍន៍ធ្វើការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការបង្កើតផែនការយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយការបើកបរហួសល្បឿនកំណត់ និងអត់ពាក់មួកសុវត្ថិភាព និងបានស្នើឱ្យបរិច្ចាគមួកសុវត្ថិភាព ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាទីបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រុម ការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា ដែលបានចូលរួមចំណែកក្នុងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានការរីកចម្រើន ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ ប្រជាជនកម្ពុជា។