រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចេញញត្តិគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលប្រកាសការពារដាច់ខាតមិនឲ្យកម្ពុជាវិលត្រឡប់ ទៅរកសង្គ្រាមនៃវិនាសកម្មជាថ្មីឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ


(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ បានចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសការពារដាច់ខាតមិនប្រទេសកម្ពុជាវិលត្រឡប់ទៅសង្គ្រាមវិនាសកម្មជាថ្មីឡើយ ទៅក្នុងរូបភាពណាក៏ដោយ។

ក្នុងញត្តិគាំទ្ររបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងថា «យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវមោទកភាព និងសេចក្តីគោរពបំផុត ក្នុងកិច្ចប្ដេជ្ញាចិត្តរបស់សម្តេច តេជោ ដែលសម្តេចបានលើកឡើងថា “នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺដាច់ខាតមិនឱ្យកម្ពុជាវិលត្រឡប់ទៅរក សង្គ្រាមនៃសកម្មសារជាថ្មីឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ” ។ នេះជាឧត្តមគតិជាតិពិត និងសេចក្តីចង់បានបំផុត របស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា»។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជាក់ជាថ្មីថា គណបក្សប្រជាជន ធានាដាច់ខាតមិនឱ្យ សង្រ្គាមវិលមកលើទឹកដីកម្ពុជា សារជាថ្មីទៀតឡើយ ទោះបីដោយទម្រង់រូបភាពណាក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ នៅលើបណ្តាញសង្គម Facebook ថា៖ «យើងពិតជាមានមោទនភាព ដែលបានឃើញប្រទេសជាតិកាន់តែរីកចម្រើនទៅមុខជារៀងរាល់ថ្ងៃ។ អ្វីដែលយើងសម្រេចបាន គឺដោយសារការចូលរួមចំណែកពីបងប្អូនជនរួមជាតិ និងដៃគូវិស័យឯកជននានា ដែលមានជំនឿជឿជាក់លើសន្តិភាព និងទំនុកចិត្តដ៏រឹងមាំលើ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ “គណបក្សប្រជាជនកម្ពុជា” ដែលជាគណបក្សដ៏ខ្លាំងតែមួយគត់ ដែលបានរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ គណបក្សប្រជាជន គឺធានាដាច់ខាតមិនឱ្យ សង្រ្គាមវិលមកលើទឹកដីកម្ពុជា សារជាថ្មីទៀតឡើយ ទោះបីដោយទម្រង់រូបភាពណាក៏ដោយ»៕