សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតអោយ ឯកអគ្គរដ្ឋទូតថ្មី សហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា


នាព្រឹក ថ្ងៃសុក្រ ទី ០៨ ខែ មករា ឆ្នាំ ២០១៦ វេលាម៉ោង ៩:០០នាទី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម វីលៀម អេ.ហៀត (H.E.Mr William A.Heidt) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ដែលទើបតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត ធ្លាប់មកបម្រើការងារជាមន្រ្តីស្ថានទូត សហរដ្ឋអាមេរិកកាលពីឆ្នាំ ១៩៩៧-១៩៩៩ ហើយ១៦ឆ្នាំក្រោយមក ឯកឧត្តម ត្រូវបានសហរដ្ឋអាមេរិក តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេល ៤ខែកន្លងមកនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានធ្វើការកត់សម្គាល់ និងបំពេញបេសកកម្មតាមខេត្ត ក្រុង ស្រុក ឃុំ ភូមិ ជនបទ មួយចំនួន ។ បន្ថែមលើនេះ ឯកឧត្តម បានមានប្រសាសន៍កោតសរសើរនិងមានមោទនភាពខ្លាំងណាស់ ចំពោះរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដោយបានឃើញនូវកំណើនសេដ្ឋកិច្ចដ៏ល្អ ការកាត់បន្ថយភាពក្រីក្រយ៉ាងច្រើន ប្រព័ន្ធអប់រំមានការកែលម្អ សាលារៀនមានគ្រប់ទីកន្លែង ផ្លូវថ្នល់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មានការរីកចម្រើនយ៉ាងខ្លាំង។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត សន្យា និងជម្រុញផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល បន្ថែមទៀត នៅក្នុងអាណត្តិការទូត របស់ឯកឧត្តម។
ទីបញ្ចប់ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា បានជូនពរ ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មី ឲ្យទទួលបាននូវសុខភាពល្អ និងជោគជ័យក្នុងបេសកកម្មការទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
Heng Samrin 08-01-2016 1 (4)       Heng Samrin 08-01-2016 1 (3)
Heng Samrin 08-01-2016 1 (2)