សម្តេចតេជោ ហ៊ុន សែន ផ្តល់ស្រះទឹកទំហំ១០០គុណ១០០ម៉ែត្រ ដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់នៅរដូវប្រាំង នៅខេត្តឧត្តរមានជ័យ


(ឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឯកឧត្តម ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យ រួមដំណើរដោយថ្នាក់ដឹកនាំខេត្ត-ក្រុង ជាច្រើនរូប បានអញ្ជើញបើកការដ្ឋាន ជីកស្រះទឹកមួយកន្លែង ទំហំ១០០ម៉ែត្រ គុណ១០០ម៉ែត្រ ក្នុងភូមិឆ្អើប សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ឯកឧត្តម ប៉ែន កុសល បានប្រាប់ឲ្យដឹងថា ស្រះខាងលើនេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយឆ្លើយតបតាមសំណូមពរ របស់លោកសេនីយ៍ទោ សៅ ផាន់នី ប្រធានពន្ធធនាគាខេត្តឧត្តរមានជ័យ ពីបញ្ហាខ្វៈខាតទឹកសំរាប់ប្រើប្រាស់នៅក្នុងអង្គភាព និងប្រជាពលរដ្ឋនៅភូមិខាងលើនេះ។

ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលទទួលបានផលពីស្រះទឹកនោះ ពួកគាត់រីករាយដែលទទួលបានសមិទ្ធិផលដ៏មហាសាល ដែលអាចធ្វើឲ្យគាត់ទុកជាកេរ្តិ៍ដំណែលនៅថ្ងៃអនាគត។ ជាពិសេសកូនចៅជំនាន់ក្រោយ និងទទួលបានផល ពីការប្រើប្រាស់ទឹកនេះយ៉ាងគាប់ប្រសើរ៕