ឯកឧត្តម ហ៊ុន ម៉ានី អមដំណើរដោយឯកឧត្តម វ៉ី សំណាង បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់សិស្សមធ្យមសិក្សាដណ្ដើមពានរង្វាន់របស់ណាហ្គាវើល៍ បេះដូងសប្បុរស ក្នុងខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃច័ន្ទ ៧កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមន្ទីរអប់រំ យុវជន និងកីឡា ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ អមដំណើរដោយឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់សិស្សមធ្យមសិក្សាដណ្ដើមពានរង្វាន់របស់ណាហ្គាវើល៍ បេះដូងសប្បុរស ក្នុងខេត្តកំពង់ស្ពឺ ។

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថាជានិច្ចកាលឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ តែងតែគិតគូ និងយកទុកដាក់ លើវិស័យអប់រំ ជាពិសេសវិស័យកីឡាក្នុងខេត្តទាំងមូល ឯកឧត្តម បានលះបង់អស់កម្លាំងកាយចិត្ត ដើម្បីធ្វើយ៉ាងណាឲ្យខេត្តកំពង់ស្ពឺបានរីកចម្រើនលើគ្រប់វិស័យ ជាពិសេសលោកប្រធានក្រុមហ៊ុន ណាហ្គាវើលល៍ ដែលលោកបានជួយបណ្ដុះបណ្ដាលជំនាញបាល់ទាត់សម្រាប់គ្រូកីឡា និងរៀបចំកម្មវិធីអភិវឌ្ឍន៍កីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺ ហើយជាពិសេសទៅទៀត ដែលបានឧបត្ថម្ភគាំទ្រ និងរៀបចំឱ្យមានកម្មវិធីប្រកួតនេះ ។

គួរបញ្ជាក់ផងដែរថា ក្រុមដែលបានដាក់ពាក្យ និងចូលរួមប្រកួតមានចំនួន ២៨ក្រុម មកពី ៨ក្រុង ស្រុក ក្នុងនោះ៖ ក្រុមបាល់ទាត់បុរស ចំនួន ១៩ក្រុម និងក្រុមបាល់ទាត់នារីចំនួន ៩ក្រុម ហើយជាលទ្ធផល វិញ្ញាសាបាល់ទាត់បុរស ចំណាត់ថ្នាក់លេខ ១ បានទៅលើ ក្រុមកីឡា វិទ្យាល័យកំពង់ស្ពឺ ក្រុងច្បារមន វិញ្ញាសាបាល់ទាត់នារី ចំណាត់ថ្នាក់លេខ១ បានទៅលើ ក្រុមកីឡាការិនី វិទ្យាល័យ ហ៊ុន សែន អន្លង់ជ្រៃ ស្រុកថ្ពង ។