ព្រះវិហារ និងសមិទ្ធផលនៅវត្តចំណោម ក្នុងខេត្តតាកែវ តម្លៃជាង២០ម៉ឺនដុល្លារ ដាក់សម្ពោធឲ្យប្រើប្រាស់, នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រាប់ពលរដ្ឋឲ្យចូលរួមជាមួយសម្តេចតេជោ ប្រឆាំងការផ្តួលរំលំខុសច្បាប់


(តាកែវ)៖ ព្រះវិហារ និងសមិទ្ធផលនានាវត្តចំណោម នៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានប្រារព្ធពិធីកាត់ឫសសីមា និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

សំណង់ព្រះវិហារដ៏ធំស្កឹមស្កៃនេះមានទទឹង១១ម៉ែត្រ បណ្ដោយប្រវែង២៥ម៉ែត្រ កម្ពស់១៦ម៉ែត្រ ត្រូវបានកសាងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ដោយប្រើរយៈពេល២ឆ្នាំ ១០ខែ និង២៣ថ្ងៃ រួចរាល់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ដោយកម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទទាំងជិតឆ្ងាយ និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលបានចំណាយថវិកាអស់ចំនួន២០៥២០០ដុល្លារ។

វត្តចំណោម បានកសាងនៅលើទីទួល កណ្ដាលភូមិឆៀងខាងកើតភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ហើយបានផ្ដើមកសាង ក្នុងរជ្ជកាលព្រះបាទឧទ័យ ហៅព្រះអង្គចន្ទ នាគ្រិស្តសករាជឆ្នាំ ១៨០១។ ទីវត្តអារាមនេះ ត្រូវបានទទួលរងនូវការបំផ្លិចបំផ្លាញ និងជាកន្លែងវាលពិឃាតនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ត្រូវបានរដ្ឋអំណាច និងប្រជាពលរដ្ឋ បានរួមគ្នារៀបចំកសាងឡើងវិញ ធ្វើឲ្យក្លាយទៅជាកន្លែងគោរពសក្ការ បូជាព្រះពុទ្ធសាសនា។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា «នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលកើតចេញពីតម្លៃនៃម្លប់សន្តិភាព នៃនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា»។

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ដោយសារនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ បានធ្វើប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យក៏មកដល់សព្វថ្ងៃនេះ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជា ប្រជាពលរដ្ឋក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បន្តអនុវត្តឲ្យខ្ជាប់ខ្ជួននូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីបំរើប្រជាជន និងថែរក្សាស្ថេរភាពសង្គមទទួលបាននូវសុខសន្តិភាពស្ថិរភាពនៅកម្ពុជា និងចូលរួមប្រឆាំងជាដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខ របស់ប្រជាពរដ្ឋ និងសុខសន្តិភាពនៅកម្ពុជា។

ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានប្រគេនបច្ច័យដល់វត្តចំណោម ចំនួន១២០០០ដុល្លារ និងម៉ាស៊ីនភ្លើងកម្លាំង១០គីឡូវ៉ាត់ចំនួន ២គ្រឿង។ ឧបត្ថមដល់គណបក្សស្រុក និងឃុំទាំង១៣ នៃស្រុកព្រៃកប្បាស ដែលក្នុង១ឃុំៗ នូវម៉ាស៊ីនកុំព្យូទ័រ ១គ្រឿង និងម៉ាស៊ីនព្រីនធ័រ១គ្រឿង។ ឧបត្ថម្ភដល់អនុវិទ្យាល័យចំណោម មានស៊ីម៉ង់ត៍ចំនួន១០តោន, ខ្សាច់៥ឡាន និងថ្ម៥ឡាន ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាច្រើនទៀត ចែកជូនដល់លោកតា លោកយាយ, ក្រុមប្រឹក្សា, អាជ្ញាធរដែនដី, ប្រជាពលរដ្ឋ, យុវជនកាយរិទ្ធកាកបាទក្រហម, សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធផងដែរ៕