ឯកឧត្តម ពេជ្រ វាសនា បានដឹកនាំក្រុមការងារត្រួតពិនិត្យរួម (Joint Inspection) បន្តដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ រាមគុណ​ និងប្រឡាយ ប៉ូ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង


នៅព្រឹកថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរិទ្ឋិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលំអ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប បានដឹកនាំក្រុមការងារត្រួតពិនិត្យរួម (Joint Inspection) ដែលមានសមាសភាពចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាង JICA, តំណាងស្ថានទូតជប៉ុន, តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង, តំណាងក្រុមហ៊ុនសាងសង់អន្តរជាតិ និងក្រុមហ៊ុនសាងសង់ក្នុងស្រុក, មន្ត្រីអង្គភាពគ្រប់គ្រងគម្រោង និងមន្ត្រី​អង្គភាពអនុវត្តគម្រោង​ ខេត្តគោលដៅនៃគម្រោង​ បន្តដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ រាមគុណ​ និងប្រឡាយ ប៉ូ ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។ មកទល់ពេលបច្ចុប្បន្ន ដំណើរការអនុវត្តគម្រោងជារួម សម្រេចលទ្ធផលបានប្រមាណ ៧៤% នៃទំហំការងារសរុប ។

ទំហំការងាររបស់អនុគម្រោងប្រព័ន្ធធារាសាស្ត្រ រាមគុណ មាន ៖
១. ការងារសាងសង់សំណង់ក្បាលហុងទឹក ( Headwork ) ចំនួន ០១កន្លែង
២. ការងារជួសជុលសំណង់នាំទឹក ( Intake ) ចំនួន ០១កន្លែង
៣. ការងារជួសជុលប្រឡាយមេចំនួន ០១ខ្សែ ស្មើនឹងប្រវែង ៩,៩០ គម
៤. ការងារជួសជុលប្រឡាយថ្នាក់ទី ២ ចំនួន ១៣ ខ្សែ ស្មើនឹងប្រវែង ១៩,០០ គម
៥. ការងារជួសជុល និងសាងសង់ប្រឡាយដោះទឹក ចំនួន ១៥ខ្សែ ស្មើនឹងប្រវែង ៣៧,៩០ គម
៦. ការងារជួសជុល និងសាងសង់ប្រឡាយថ្នាក់ទី ៣ ចំនួន ៤៩ ខ្សែ ស្មើនឹងប្រវែង ៣៦,៨០ គម
៧.​​ សាងសង់សំណង់ពាក់ព័ន្ធសរុបចំនួន ៣៣៨ កន្លែង
៨. សាងសង់សំណង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ០១ កន្លែង ។

ទំហំការងាររបស់អនុគម្រោងប្រព័ន្ធធារាសាស្ត្រ ប្រឡាយ ប៉ូ រួមមាន ៖
១. ការងារជួសជុលសំណង់នាំទឹក ចំនួន ០១ កន្លែង
២. ការងារជួសជុលប្រឡាយមេចំនួន ០១ ខ្សែ ស្មើនឹងប្រវែង ៦,៧០ គម
៣. ការងារជួសជុលប្រឡាយថ្នាក់ទី២ ចំនួន ០៩ ខ្សែ ស្មើនឹងប្រវែង ២០,៤០ គម
៤. ការងារជួសជុល និងសាងសង់ប្រឡាយដោះទឹកចំនួន ១២ ខ្សែ ស្មើនឹងប្រវែង ២៧,០០ គម
៥. ការងារជួសជុល និងសាងសង់ប្រឡាយថ្នាក់ ទី ៣ ចំនួន ៥៨ ខ្សែ ស្មើនឹងប្រវែង ៣៣,៩០ គម
៦.​​ សាងសង់សំណង់ពាក់ព័ន្ធសរុបចំនួន ៣៨០ កន្លែង
៧. សាងសង់សំណង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ០១ កន្លែង ។