ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំផែនការស្ថិតិ ការត្រួតពិនិត្យ និងវាយតម្លៃឆ្លើយតបនឹងយេនឌ័រ ដល់ថ្នាក់ដឹកនាំក្រសួង និងមន្ទីរកិច្ចការនារី


នៅព្រឹកថ្ងៃអង្គារ ០៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារតារារង្ស៊ី ខេត្តសៀមរាប លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈខេត្តសៀមរាប និងលោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត ជាប្រធាន គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត បានអញ្ជើញចូលរួមគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំផែនការស្ថិតិ ការត្រួតពិនិត្យ និងវាយតម្លៃឆ្លើយតបនឹងយេនឌ័រ” ដល់ថ្នាក់ដឹកនាំក្រសួង និងមន្ទីរកិច្ចការនារី ចំនួន០៥ខេត្ត រួមមាន ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ វគ្គបណ្តុះបណ្តាលខាងលើនេះ មានគោលបំណង ដើម្បីពង្រឹងដល់មន្រ្តីក្រសួង មន្ទីរ និងការិយាល័យកិច្ចការនារី ក្រុង ស្រុក ក្នុងការរៀបចំផែនការស្ថិតិ ការត្រួតពិនិត្យ និងវាយតម្លៃប្រកបដោយប្រសិទ្ធភាព ។

មានប្រសាសន៍នៅក្នុងវគ្គបណ្តុះបណ្តាលនេះដែរ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានមានមតិសូមស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមាន លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារីនិងថ្នាក់ដឹកនាំក្រសួង និងមន្ទីរកិច្ចការនារីទាំង០៥ខេត្ត និងបានថ្លែងអំណរគុណចំពោះក្រសួងកិច្ចការនារី ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងនៅក្នុងខេត្តសៀមរាប។ លោកស្រីក៏បានជម្រាប អំពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តសៀមរាប ក្នុងការឆ្លើយតបទៅនឹងកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ជាអ្នកគ្រប់គ្រងដឹកនាំផ្ទាល់នោះ តែងតែបានសហការ និងយកចិត្តទុកដាក់ខ្ពស់លើគ្រប់វិស័យ ដោយបានរៀបចំគោលនយោបាយ យន្តការ វិធីសាស្រ្ត បច្ចេកទេស លិខិតបទដ្ឋានលើកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈិការរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យសម្រេចបានតាមផែនការ ដែលបានគ្រោងទុក។ លើសពីនេះរដ្ឋបាលខេត្តបានសហការ និងបង្ករលក្ខណៈងាយស្រួល ដល់សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ នូវគ្រប់កិច្ចដំណើរការផ្សេងៗ ដូចជាការផ្តល់ទីតាំងសម្រាប់សមាគមក្រុមប្រឹក្សារៀបចំកិច្ចប្រជុំ រៀបចំវគ្គបណ្តុះបណ្តាលសិក្ខាសាលា និងការងារជាច្រើនទៀត និងបានធ្វើការលើកទឹកចិត្ត តែងតាំង ស្រ្តីជាថ្នាក់ដឹកនាំ ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាព ប្រធាន/អនុប្រធាន ការិយាល័យ ស្រ្តីជាមេឃុំ ក្រុមប្រឹក្សាឃុំ/សង្កាត់ជាដើម (ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក មានចំនួន២០រូប ស្រ្តី ជាអភិបាលរង ខេត្ត ក្រុង ស្រុក មានចំនួន១៤រូប ស្រ្តីជាអភិបាលស្រុក មានចំនួន០១រូប ស្រ្តីជាប្រធានមន្ទីរមានចំនួន០១រូប ស្រ្តីជាមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណតិ្តទី៤ មានចំនួន ១២១ រូប(១៨.១១%) ក្នុងនោះស្រ្តីជាមេឃុំមានចំនួន០៨រូប (លើ១០០ឃុំ-សង្កាត់) ស្រ្តីជាជំទប់ទី១ មានចំនួន១៣រូប ស្រ្តីជាជំទប់ទី២ មាន០៨នាក់ និងមានស្រ្តីជាអនុប្រធានមន្ទីរ ស្រ្តីជាប្រធាន អនុប្រធានការិយាល័យជាច្រើនទៀត)។
លោកស្រីបានបញ្ជាក់បន្ថែមទៀតថា ចំនួនស្រ្តីជាថ្នាក់ដឹកនាំខាងលើនេះ នៅតែមិនទាន់បាន បំពេញនូវតម្រូវការនៅឡើយទេ ដែលទាមទារឲ្យមានការតែងតាំងបន្ថែម និងធ្វើការពង្រឹងសមត្ថភាពក្នុងភាពជាអ្នកដឹកនាំ និងជាអ្នកគ្រប់គ្រងក្នុង ការអនុវត្តសកម្មភាពការងារនៅតាមមន្ទីរ-អង្គភាពនីមួយៗ ដោយមានការ គាំទ្រពីថ្នាក់ដឹកនាំជាបុរស និងស្រ្តីខ្លួនឯងផងដែរ។