ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងសមាគមន៍អឺរ៉ុប(EU) គ្មាននយោបាយណាមួយ មកផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ឡើយ


ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្សប្រជានជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងសមាគមន៍អឺរ៉ុប(EU) គ្មាននយោបាយណាមួយ មកផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ឡើយ។

អ្នកនាំពាក្យលើកឡើងបែបនេះ បន្ទាប់ពីក្រុមប្រឆាំងនៅអាមេរិក បានទទួលព័ត៌មានពីសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មលើប្រជាជនកម្ពុជា ដោយពួកគេបានសម្តែងការសប្បាយរីករាយ ហើយថែមទាំងមានសង្ឃឹមថា អន្តរជាតិនឹងជួយ ដើម្បីយកអំណាចប្រគល់ឲ្យខ្លួន។

ជាការឆ្លើយតប ទៅនឹងក្រុមប្រឆាំងនៅអាមេរិក ឯកឧត្តម សុខ ឥសាន បានសរសេរនៅក្នុងតេឡេក្រាម នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ថា “សូមចាំថា អាមេរិកនិងសហគមន៍អឺរ៉ុប គ្មាននយោបាយវាយផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃទេ ។ ចំណែកប្រជាជនកម្ពុជា ក្នុងស្រុកគ្មានអ្នកណាម្នាក់ ចង់បានសង្គ្រាមទេ”។

ឯកឧត្តមបន្តថា ក្រុមប្រឆាំងនៅក្រៅប្រទេស ក៏គ្មានអ្នកណាចង់មកតស៊ូ ដើម្បីអំណាចរបស់លោក សម រង្ស៊ីដែរ បានតែមាត់នៅបរទេសប៉ុណ្ណោះ ។

ឯកឧត្តមបន្ថែមថា និយាយជារួមប្រជាជនកម្ពុជា ទាំងក្នុងទាំងនៅក្រៅប្រទេស មិនចង់ធ្វើសង្គ្រាមឡើយ ។ បើអត់អ្នកចង់ធ្វើសង្គ្រាម បានអ្វីនឹងដណ្តើមអំណាច យកមកឲ្យលោក សម រង្ស៊ី បានទៅ ? ដូច្នេះ ក្តីសង្ឃឹមរបស់លោក សម រង្ស៊ី និងបក្ខពួករបស់គេអត់មានសង្ឃឹមឡើយ ។

សូមរំលឹកថា ចាប់ពីថ្ងៃទី១៣ កុម្ភៈ សហគមន៍អឺរ៉ុប ចាប់ផ្តើមដំណើរការ ដែលអាចនាំឲ្យមានការ ផ្អាកជាបណ្តោះអាសន្ន នូវការទទួលបាននូវអាទិភាព របស់កម្ពុជាលើទីផ្សារ សហគមន៍អឺរ៉ុប ក្រោមគម្រោងពាណិជ្ជកម្មគ្រប់យ៉ាង លើកលែងតែអាវុធ ឬ EBA ។ EBA អាចត្រូវបានលុបចោល ប្រសិនបើប្រទេសទទួលផល មិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ៕