ជំនួបពិភាក្សាការងារ​ រវាងរដ្ឋបាលខេត្តសៀមរាប​ និងប្រតិភូក្រុមហ៊ុន​ MinebeaMitsumi


រសៀលថ្ងៃពុធ​ ៩កេីត​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ នៅសាលប្រជុំលេខ០១​ សាលាខេត្ត​ លោក​ ពិន​ ប្រាកដ​ អភិបាលរង​ខេត្ត​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​​ បានជួបពិភាក្សាការងារ​ ជាមួយនឹងប្រតិភូក្រុមហ៊ុន​ MinebeaMitsumi​ ដែលដឹកនាំដោយ​ លោកស្រី​ Kikuko Shinchi ទីប្រឹក្សាជាន់ខ្ពស់​ ផ្នែកប្រឹក្សាយោបល់យុទ្ធសាស្ត្របរិស្ថាន​ និង​ លោក​ Kunio Tagaki ប្រធានផ្នែកផលិតផលទីក្រុងឆ្លាតវៃ​ ក្រុមហ៊ុន​ MinebeaMitsumi ដោយមានការអញ្ជេីញចូលរួមពី​ នាយករដ្ឋបាលខេត្ត​ លោកប្រធានអង្គភាពលទ្ធកម្មខេត្ត​ លោកស្រីនាយករងទីចាត់ការទំនាក់ទំនងសាធារណៈ​ និងសហប្រតិបត្តិការអន្តរជាតិ​ នាយករងទីចាត់ការហិរញ្ញវត្ថុខេត្ត​ មន្ទីរសាធារណការ​ និងដឹកញ្ជូនខេត្ត​ តំណាងអាជ្ញាធរអប្សរា​ និងសាលាក្រុងសៀមរាប។

ជំនួបពិភាក្សានេះ​ រដ្ឋបាលខេត្តយល់ឃេីញថា​ផលិតផលអំពូលភ្លេីងបំភ្លឺសាធារណៈប្រភេទ​ LED​ រស់ក្រុមហ៊ុនមីនីបៀ​ គឺពិតជាបានចូលរួមចំណែកកាត់បន្ថយឧស្ម័ន​កាបូនិច​ ក្នុងបរិយាកាសពិតប្រាកដ​ ដូចនេះរដ្ឋបាលខេត្តក៏បានសម្រេចស្នេីសុំអោយ​ ក្រុមហ៊ុនមីនីបៀ​ អនុវត្តគម្រោងរបស់ខ្លួន​ នៅខេត្តសៀមរាប​ ដោយខេត្តបានស្នេីសុំអំពូលប្រភេទ​ LED ចំនួន​ ១៩៥០គ្រាប់​ ដេីម្បីធ្វេីការបំពាក់តាមដងផ្លូវសំខាន់ៗ​ ក្នុងក្រុងសៀមរាប​ ហេីយបច្ចុប្បន្ននេះ​ ការអនុវត្តគម្រោងJCM កំពុងស្ថិតក្នុងដំណេីរការនៃការតម្លេីងអំពូល​ LED ចំនួន​ ៥០០អំពូល​ បន្ថែមទៀត​ ដេីម្បីអនុវត្តនូវបណ្តាញទីក្រុងវៃឆ្លាតនៅក្នុងខេត្តសៀមរាបរបស់យេីង។