គណៈកម្មការទី១០ព្រឹទ្ធសភា​ អញ្ជេីញចុះសិក្សាស្វែងយល់អំពីវិស័យជាសមត្តកិច្ចរបស់គណៈកម្មការ នៅខេត្តរតនគិរី


​ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩​ គណៈប្រតិភូគណៈកម្មការ​អង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០ព្រឹទ្ធសភា​) ដឹកនាំដោយឯកឧត្តម​ ម៉ម​ ប៊ុននាង​ ប្រធានគណៈកម្មការ បានអញ្ជេីញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តរតនគិរីដឹកនាំដោយឯកឧត្តម​ គិត​ ទ្រី អភិបាលរងខេត្តរតនគិរី ដេីម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពេីពុករលួយ​ ការអនុវត្តកំណែទម្រង់វិមជ្ឈការ​ និងវិសហមជ្ឈការ​ ការអភិវឌ្ឍមូលដ្ឋាន​ និងបញ្ហាប្រឈមនានា​ នៅសាលប្រជុំសាលាខេត្តរតនគិរី។ ​ ក្នុងពិធីជួបពិភាក្សាការងារ​នេះ ឯកឧត្តម​ គិត​ ទ្រី អភិបាលរងខេត្តរតនគិរី​ បាន​ជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពទូទៅរបស់ខេត្តរតនគិរី សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្ត សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម និងវឌ្ឍនភាព​ នៃការអនុវត្តន៍ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃការអភិវឌ្ឍន៍មូលដ្ឋាន នៅក្នុងខេត្ត។ ​ ក្នុងឱកាសនោះ ឯកឧត្តម​ ម៉ម​ ប៊ុននាង​ ប្រធានគណៈកម្មការព្រឹទ្ធសភា បានមានប្រសាសន៍អំពីគោលបំណងដែលគណៈប្រតិភូចុះមកនាពេលនេះ និងវាយខ្ពស់ចំពោះការរីកចម្រើនរបស់ខេត្ត។ ឯកឧត្តមអំពាវនាវដល់អាជ្ញាធរខេត្តត្រូវប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ពីព្រោះអំពើពុករលួយ គឺជាជំងឺដ៏សាហាវមួយដែលធ្វើឲ្យសុខភាពសាធារណៈចុះអន់ថយ បើមិនប្រញាប់ព្យាបាលនោះ ប្រជាពលរដ្ឋនឹងអស់ជំនឿទុកចិត្ត សមិទ្ធផលទាំងឡាយដែលខិតខំកសាងនាពេលកន្លងមក នឹងក្លាយជាអសារបង់ ។ ឱសថដ៏មានប្រសិទ្ធភាព ក្នុងការព្យាលជំងឺពុករលួយ គឺការអនុវត្តឲ្យបានអភិក្រមទាំង៥ របស់សម្តេចតេ ជោ នាយករដ្ឋមន្ត្រី ដែលរួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែក ព្យាបាល និងវះកាត់ តាមរយៈ ការអប់រំ បង្ការទប់ស្កាត់ និងពង្រឹងការអនុវត្តច្បាប់ ។ ជាពិសេសត្រូវអប់រំ ដើម្បីឲ្យបុគ្គលម្នាក់ៗមិនចង់ពុករលួយ​ បង្ការទប់ស្កាត់ ដើម្បីមិនអាចពុករលួយ និងអនុវត្តច្បាប់បង្រ្កាបបទល្មើស ដើម្បីមិនហ៊ានពុករលួយ។