អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដែលមានតម្លៃជាង៦០ម៉ឺនដុល្លា ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់


ខេត្តមណ្ឌលគិរី៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា មេបញ្ជាការកងរាជអាវុធហត្ថទាំងអស់ ត្រូវធ្វើការដឹកនាំគ្រប់គ្រងបញ្ជាកម្លាំងក្រោមឪវាទឲ្យបានល្អ ដើម្បីចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច ក្នុងការរួមចំណែកថែរក្សាការពារសណ្ដាប់ធ្នាប់ សន្តិសុខសង្គម និងត្រូវបង្ក្រាបបទល្មើសផ្សេងៗ ដែលកើតមានអោយបានជោគជ័យ។ ត្រូវអប់រំហ្វឹកហ្វឺនកងទ័ពឲ្យមានសមត្ថភាពគ្រប់គ្រាន់ មានអត្តចរឹកត្រឹមត្រូវ សីលធម៌ ស្អាតស្អំ យល់ច្បាស់អំពីកាតព្វកិច្ច ភារកិច្ចដោយស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានលះបង់គ្រប់កាលៈទេសៈដែលជាតិត្រូវការ។ នាយឧត្តមសេនីយ៍សៅ សុខា បានណែនាំដល់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្ត/ក្រុង/ស្រុក ត្រូវកសាងអង្គភាព ឱ្យមានកន្លែងធ្វើការសមរម្យ មានសណ្ដាប់ធ្នាប់ល្អ ជាពិសេស កងកម្លាំងទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ និងត្រូវធ្វើអ្វីៗ ដើម្បីប្រជាជន។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានបញ្ជាក់ថា ការបើកការដ្ឋានសាងសង់អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត គឺជាការរួមចំណែកកសាងក្នុងអង្គភាព ក៏ដូចធ្វើឱ្យខេត្តមានការរីកចម្រើន ដើម្បីឱ្យសាកសមជាកន្លែងការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។ ម្យ៉ាងទៀត កម្លាំងកងរាជអាវុធហត្ថ គឺជាកម្លាំងស្នូលដ៏សំខាន់ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាការចូលរួមអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ជាពិសេស ចូលរួមទប់ស្កាត់នូវរាល់បទល្មើសនានាដូចជា បញ្ហាគ្រឿងញៀន ល្បែងស៊ីសង និងកិច្ចការងារបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃជាដើម។
លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ឲ្យដឹងថា ការបើកការដ្ឋានសាងសង់អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត មានទំហំបណ្ដោយប្រវែង ៥៦ ម៉ែត្រនិ ង ទទឹង ១១ម៉ែត្រ និង(មានវេរ៉ងដា) ទំហំ ៧ម៉ែត្រ គុណ ៨ ម៉ែត្រ មានកំពស់៣ជាន់ រយៈពេលការសាងសង់ចំនួន០២ឆ្នាំ ដោយចំណាយថវិការសរុប៦៥ម៉ឺនដុល្លាអាមេរិច។ លោកបន្ថែមថា ក្នុងនោះថវិការរបស់ នាយឧត្តមសេនីយ៍ សៅ សុខា ១០ម៉ឺនដុល្លា រួមនិងថវិការរបស់ ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី១ម៉ឺនដុល្លាផងដែរ៕