ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦–សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយនូវរាល់ បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ ប្រការនេះតម្រូវឱ្យរាជរដ្ឋាភិបាល បន្តផ្ដោតការយកចិត្តទុកដាក់កាន់តែ ខ្លាំងឡើងៗលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាកត្តាមុតស្រួចក្នុងការជួយទ្រទ្រង់ ដល់កំណើន សេដ្ឋកិច្ចកម្ពុជាទាំងក្នុងពេលចំពោះមុខ ទាំងសម្រាប់អនាគត ជាពិសេសក្នុងពេលដែលកម្ពុជា មានចក្ខុវិស័យ ចង់ក្លាយទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សារលិខិតក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០១៦-២០១៧ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងសេចក្ដីរីករាយ ចូលរួមអបអរសាទរជាមួយបងប្អូនជនរួមជាតិ លោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សា ព្រមទាំងក្មួយសិស្សានុសិស្សទាំងអស់ គ្រប់ភូមិសិក្សា ទាំងសិស្សថ្មី ទាំងសិស្សចាស់ ដែលបាននិងកំពុងរៀបចំខ្លួន សម្ដែងការអបអរសាទរនឹងទិវាបើកបវេសនកាលឆ្នាំ សិក្សាថ្មី ២០១៦-២០១៧ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គឺជាការបើកទំព័រឆ្នាំសិក្សាថ្មី សម្រាប់សិស្សានុសិស្ស-និស្សិត ដែលជាកុលបុត្រកុលធីតាជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នាបានបន្តការសិក្សាទៅថ្នាក់ខ្ពស់បន្តទៀត និងជាថ្ងៃផ្ដើមជីវិតសិក្សាដំបូងរបស់កុមារដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន។
យើងទាំងអស់គ្នាបានដឹងហើយថា ការសិក្សារៀនសូត្រមិនត្រឹមតែ ត្រូវអនុវត្តន៍បន្តពេញមួយជីវិត ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយតម្រូវ ឱ្យមានការលើកកម្ពស់ និងអភិវឌ្ឍគ្មានទីបញ្ចប់ ដើម្បីផលិត នូវធនធានមនុស្សប្រកបដោយគុណភាព មានសក្ដានុពលសម្រាប់ការអភិវឌ្ឍសង្គមជាតិ ឱ្យមានការរីកចម្រើន ភាពសុខដុម និងចីរភាពទៀតផង។
ទន្ទឹមនោះការអប់រំត្រូវតែឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងមានដំណើរការឆ្លើយតបទៅ នឹងបរិការណ៍ នៃសកលភាវូបនីយកម្ម។
សម្ដេចតេជោ ក៏បានសម្ដែងនូវការកោតសរសើរដោយស្មោះចំពោះ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ មាតា បិតា អ្នកអាណាព្យាបាលសិស្ស អាជ្ញាធរដែនដី និងដៃគូ អភិវឌ្ឍទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមចំណែកទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត ទាំងធនធាន សម្រាប់ជួយជ្រោមជ្រែងដល់គ្រប់សកម្មភាព ដើម្បីបុព្វហេតុកសាង និងអភិវឌ្ឍវិស័យ អប់រំនៅកម្ពុជា ឱ្យមានដំណើរការប្រកបដោយជោគជ័យក្នុងរយៈកាលកន្លងមកនេះ។
ក្នុងនោះលោកគ្រូ អ្នកគ្រូបានខិតខំអស់ពីលទ្ធភាព ឈរលើមនសិការវិជ្ជាជីវៈប្រកបដោយសេចក្ដីថ្លៃថ្នូរ មានគំនិតច្នៃប្រឌិត គោរពវិន័យ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ក្នុងការបំពេញការងារ តាមតួនាទីភារកិច្ចរៀងៗខ្លួន ប្រកបដោយប្រសិទ្ធភាព ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍវិស័យអប់រំ នៅគ្រប់ភូមិសិក្សាឱ្យដំណើរការប្រកបដោយជោគជ័យ។
ជាមួយនេះ ក្រសួងអប់រំ យុវជននិងកីឡា បាននិងកំពុងអនុវត្តការកែទម្រង់ស៊ីជម្រៅសម្រាប់ការងារអប់រំ ជាអាទិ៍លទ្ធផលនៃ ការប្រឡងសញ្ញាបត្រទុតិយភូមិថ្មីៗ ដែលសិស្សទទួលបាននិន្ទេស A រហូតដល់ ៤០៥នាក់នេះ គឺជាសារឆ្លើយតប និងបង្ហាញពីការចូលរួមជួយជ្រោមជ្រែងជំរុញ ឱ្យគុណភាពអប់រំ មានភាពល្អប្រសើរនាពេលកន្លងមក និងពេលអនាគត។
សម្ដេចគូសបញ្ជាក់ថា ពេលកន្លងទៅ ក៏ដូចបច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជននិងកីឡាដើរតួយ៉ាងសំខាន់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការកែទម្រង់វិស័យអប់រំ ការកសាងជំនឿទុកចិត្តចំពោះការអប់រំ ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ក្នុងនោះយើងបានប្ដេជ្ញាហើយថា មិនទុកឱ្យកូនចៅយើងណាម្នាក់ស្ថិតនៅក្រៅ ឬមិនបានទទួលសេវា អប់រំឡើយ។
ទន្ទឹមនេះ ខ្ញុំក៏សូមអំពាវនាវឱ្យជនរួមជាតិយើងទាំងអស់ ចូរនាំគ្នាយកកូនចៅទៅចុះឈ្មោះ ចូលរៀន ក្នុងដើមបវេសនកាលឆ្នាំសិក្សាថ្មីនេះឱ្យបានគ្រប់ៗគ្នា និងចូលរួមតាមដានការសិក្សារបស់កូនចៅ យើងថែមទៀត ក្នុងនោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវជួយសម្របសម្រួល និងផ្ដល់លទ្ធភាព ជូនដល់ពួកគេឱ្យបានចូលរៀន និងរៀនបានចប់តាមកម្រិតថ្នាក់ សិក្សាប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ឱ្យសមនឹងពាក្យថា «ចំណេះវិជ្ជាជាទ្រព្យគាប់ប្រសើរ» ។
ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំទៅក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ថា បើយើងស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្ដាយ និងស្រឡាញ់អនាគតដ៏រុងរឿង គឺនៅឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចេះណែនាំចំពោះមិត្តភក្ដិ អំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន។
ទន្ទឹមនោះចូរក្មួយៗ ប្រតិបត្តិច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដោយត្រូវចេះយោគយល់ និងមានអធ្យា ស្រ័យគ្នា ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួនឯង និងអ្នកដទៃ ក៏ដូចជារក្សាបាននូវសេចក្ដី ថ្លៃថ្នូរដល់សង្គមជាតិយើងទាំងមូលផងដែរ។
ជាមួយគ្នានេះ ខ្ញុំស្នើសុំឱ្យមាតាបិតា ឬ អាណាព្យាបាលសិស្ស សហគមន៍ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ត្រូវរួមចំណែកឱ្យបានខ្លាំងក្លា ដើម្បីធានា និងរក្សាឱ្យបាននូវគោលនយោបាយ (ភូមិ -ឃុំមានសុវត្ថិភាព) ហើយចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយអប់រំកូនចៅ ទាំងផ្នែកសុខភាព ចំណេះដឹង និងសីលធម៌ ដើម្បីបន្តលើកកម្ពស់កិត្តិយសសង្គមជាតិ ឱ្យស័ក្ដិសមជាប្រជាជនដែលមាន ឈាមជ័រតភ្ជាប់គ្នាពីសម័យអង្គរដ៏រុងរឿងនៃយើង។
ដោយឡែកដោយរដូវកាលនេះជារដូវកាលទឹកឡើង ដូច្នេះសូមបងប្អូនប្រជាជនត្រូវមាន ការប្រុងប្រយ័ត្ន មើលថែទាំកូន ចៅឱ្យបានដិតដល់ ដើម្បីចៀសវាងការលង់ទឹក ឆ្លងជម្ងឺតម្កាត់ផ្សេងៗ។
ខ្ញុំក៏សូមអំពាវនាវផងដែរដល់ជនរួមជាតិទាំងអស់ សូមទៅចូលរួមចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕