មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានសហការជាមួយអាជ្ញាធរស្រុកសាលាក្រៅ ចុះប្រតិបត្តិការដឹកទឹកប្រើប្រាស់ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ២៣ គ្រួសារ


ដោយមានការជួយឧបត្ថម្ភគាំទ្រ និងការណែនាំដោយផ្ទាល់ពីឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានសហការជាមួយអាជ្ញាធរស្រុកសាលាក្រៅ ដើម្បីចុះប្រតិបត្តិការដឹកទឹកប្រើប្រាស់ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ២៣ គ្រួសារ ក្នុងភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ការដឹកទឹកចែកជូនប្រជាពលរដ្ឋនេះ គឺក្រុមការងារប្រើប្រាស់រថយន្តបំពាក់ស៊ីនទែនទឹក ( ភ្ជាប់ជាមួយម៉ូទ័របូមទឹក ០១ គ្រឿង ) ដែលក្រសួងធនធានទឹក និងឧតុនិយម បានផ្តល់ឲ្យនាពេលកន្លងមក សម្រាប់ចូលរួមដោះស្រាយទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋ ។

សូមបញ្ចាក់ជូនថា បច្ចុប្បន្ននេះខេត្តប៉ៃលិនមានឃុំចំនួន ០៣ កំពុងជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់ជាបណ្តើរៗ រួមមាន ឃុំស្ទឹងត្រង់ ឃុំសាលាក្រៅ និងឃុំអូរអណ្តូង នៃស្រុកសាលាក្រៅ ។ ជាមួយគ្នានេះ ក៏មានឃុំមួយចំនួនទៀតកំពុងប្រឈមផងដែរ ។

ទន្ទឹមនឹងការដឹកទឹកចែកកជូនប្រជាពលរដ្ឋខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ក៏បាននិងកំពុងចាត់វិធានការផ្សេងៗទៀត ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីឯកឧត្តមរដ្ឋមន្ត្រី ដើម្បីដោះស្រាយទឹកប្រើប្រាស់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងនោះមានដូចជា ៖ ការផ្តល់សំបកបាវដើម្បីទប់ទឹកតាមស្ទឹង និងអូរ, ការជីកស្រះតាមបាតអូរ និងស្ទឹងដើម្បីទាញយកជម្រាបទឹកចេញ និងការអន្តរាគមន៍បូមទឹក ។